អត្តពលិកកាយសម្ព័ន្ធកម្ពុជា ចំនួន១០រូប ចេញទៅប្រកួតនៅកូរ៉េខាងត្បូង

មាស សុផាណារ៉ុង October 22, 2019


 

ភ្នំពេញ៖ វេលាយប់ថ្ងៃទី២១ ខែតុលា​ កីឡាករ-កីឡាការិនី​ កាយសម្ព័ន្ធ​ ចំនួន១០រូប បានចាកចាញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Korea Open Pre-Games 2019 នៅសាធារណរដ្ឋកូរ៉េ។

ព្រឹត្តិការណ៍នេះចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៦​ ខែតុលា ដែលយ៉ាងហោចណាស់ក៏មានប្រទេសជាង ១០ដែរ ដែលចូលរួមប្រកួតនោះ។ ការចេញទៅប្រកួតនេះបានទទួលការ ឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម (CAMSOC)។

លោក ណយ ផាណា ជាប្រធានប្រតិភូ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថានេះជាការប្រកួតសម្រាប់ប្រភេទអាយុ១៨ឆ្នាំ (Senior) និងយុវជនអាយុក្រោម១៧ឆ្នាំ (Junior)។

កីឡាកាយសម្ព័ន្ធ ទាំង១០រូបនោះ រួមមានកីឡាករ ៥រូប និងកីឡាការិនី៥រូប ពួកគេជាកីឡាករកីឡាការិនីកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic)។ សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធ មាន​២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) និងកាយសម្ព័ន្ធអារទីស្ទីក (Gymnastic Artisyic)។

លោក ណយ ផាណា បានដកស្រង់សម្ដីលោកប្រធានសហព័ន្ធមកប្រាប់ឲ្យដឹងថាការ ចេញទៅប្រកួតនៅក្រៅប្រទេស គឺជាកត្តាសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាព បច្ចេកទេសកីឡាករ-កីឡាការិនី ដែលពួកគេសុទ្ធតែជាអត្តពលិកវ័យក្មេង ត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថាការចេញទៅប្រកួតលើកនេះសុទ្ធតែជាអត្តពលិកវ័យក្មេងដែលត្រៀមស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងពិសេសត្រៀមឆ្នាំ២០២១ និង២០២៣តែម្ដង៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់