៤២សមាគម ក្លិប ចូលរួមការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង

មាស សុផាណារ៉ុង October 21, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង បានចាប់ផ្ដើមនៅថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៩ នេះ ហើយ។

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ឲ្យដឹងក្នុងពិធីបើកការប្រកួតថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានកកើតឡើងចាប់តាំងពីឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមពី សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយសដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន។

ជាលទ្ធផលកីឡាប្រភេទនេះបានក្លាយជាកីឡាដែលមានសក្តានុពលខ្ពស់ក្នុងការដណ្តើមយកនូវមេដាយកម្រិតតំបន់ និងពិភពលោក ជាបន្តបន្ទាប់ដែលនេះជាមោទនៈភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយគិតត្រឹមឆ្នាំ២០១៧ យើងទទួលបានមេដាយកម្រិតតំបន់ សរុប ២៦៨មេដាយ ( មាស ៧២, ប្រាក់ ៩៣ និងសំរឹទ្ធ ១០៣ ) និងកម្រិតពិភពលោក សរុប ៩មេដាយ ( មាស ៥, ប្រាក់ ១ និងសំរិទ្ធ ៣ )។

ថ្មីៗនេះកីឡាការិនីប៉េតង់កម្ពុជា ទើបតែទទួលបានជ័យលាភីលេខ១ «TropheeI’Equipe» សម្រាប់ វិញ្ញាសា ១នាក់ទល់១នាក់ និងពានកីឡាការិនីឆ្នើមក្នុងចំណោមបណ្តាប្រទេសជើងខ្លាំងៗជុំវិញពិភពលោក នៅខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ។ សូមរំលឹកថានៅឆ្នាំ២០១៨ កីឡាការិនីដដែលនេះក៏ទទួលបានជ័យលាភីលេខ១ ផងដែរ មានន័យថានៅរក្សាដំណែងជ័យលាភីនេះបានដដែលដូចដែលកីឡាការិនី កែ ឡេង បានរក្សាដំណែងមេដាយមាសកម្រិតពិភពលោក ៣លើកជាប់គ្នា ដែលជាហេតុធ្វើអោយពិភពលោកមានការចាប់អារម្មណ៍មកលើការរីកចម្រើននៃកីឡាប៉េតង់កម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី១៩ នាឆ្នាំនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ៣៩៥នាក់ មកពីសមាគមក្លិបចំនួន ៤២ ( ទូទាំងរាជធានី/ខេត្ត ) ដោយចែកជា ៦វិញ្ញាសា ដោយប្រកួតតាមរូបមន្តវិលជុំ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់