សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញឈ្មោះកីឡាករចេញទៅប្រកួត SEA Games នៅហ្វីលីពីន

មាស សុផាណារ៉ុង October 19, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញនូវបញ្ជីឈ្មោះ កីឡាករ-កីឡាការិនី និងគ្រូបង្វឹកដែលត្រូវចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា សហព័ន្ធបានសម្រេចចិត្តបញ្ជូនកីឡាករ ៤រូប, កីឡាការិនី ៤រូប, គ្រូបង្វឹក ២រូប និងមន្ត្រីដឹកនាំមួយរូបទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំនេះ។

លោកបន្តថាសម្រាប់រូបលោកគឺជាប្រធានប្រតិភូ គ្រូបង្វឹក ២រូបនោះមានលោក ហែមថុន ពន្លឺ និងលោក ចេង ពិរោទ ខណៈកីឡាករ ៤រូបនោះរួមមានកីឡាករ លឹម កែវឧត្តម, កីឡាករ អ៊ួង លីហេង, កីឡាករ ហែម ប៉ុច និងកីឡាករ ឌឿន វ៉ាត់ឌីឌុន ស្របពេលដែលកីឡាការិនី ទាំង ៤រូបវិញនោះ រួមមាន កីឡាការិនី សុខ វរល័ក្ខណ៍, កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត និងកីឡាការិនី ឆោម ស្រីវល័ក្ខណ៍។

សម្រាប់វិញ្ញាសាដែលក្រុមកម្ពុជាចូលរួមប្រកួតនោះមាន ហែលរបៀបមេអំបៅ, ហែលរបៀបកង្កែប, ហែលរបៀបផ្ងារ, ហែលរបៀបសេរី ហែល៤របៀប និងវិញ្ញាសាហែលបណ្ដាក់ ១០០ម៉ែត្រ៤ដងបុរស-នារី។

សូមបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះភាគច្រើនសុទ្ធតែ កីឡាករ កីឡាការិនី វ័យក្មេងដែលមួយចំនួននៅបន្តលេងរហូតដល់ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ផងដែរ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់