សូហ្វតិន្នីសកម្ពុជា៖ បង្ហាញកីឡាករ ៦រូប និងកីឡាការិនី ៣រូប ត្រៀមចូលរួមស៊ីហ្គេម ២០១៩

មាស សុផាណារ៉ុង October 18, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបង្ហាញឲ្យដឹងហើយនូវបញ្ជីឈ្មោះកីឡាករ-កីឡាការិនី ដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។

ក្នុងបញ្ជីផ្លូវការដែលចុះហត្ថលេខាដោយ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នោះថាការចេញទៅប្រកួតនេះដឹកនាំដោយ លោក ជា សែនវិស្សុត រួមជាមួយគ្រូបង្វឹកជនជាតិជប៉ុន គឺលោក MASATO Ogiwara រួមជាមួយលោក យី សារិន ដែលជាគ្រូជំនួយ។

ចំពោះកីឡាករចំនួន ៦រូបនោះ រួមមានកីឡាករ កាន់ សោភ័ណ្ឌ, កីឡាករ អន សម្បត្តិ, កីឡាករ ឌឹម សំសម្បត្តិ, កីឡាករ ចន ម៉ាដា, កីឡាករ យី គាវីរៈ និងកីឡាករ ប៉ិល វណ្ណី។ ចំពោះកីឡាការិនី ទាំង ៣រូបវិញនោះមានកីឡាការិនី រិន សុធារី, កីឡាការិនី ជិន ស្រីឡូយ និងកីឡាការិនី ម៉េត ម៉ារីយ៉ាន។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានបញ្ជាក់ឲ្យដឹងថាការចេញទៅប្រកួតកីឡាស៊ីហ្គេមនេះកម្ពុជាត្រៀមខ្លួនលេងលើវិញ្ញាសាវាយជាក្រុម វិញ្ញាសាវាយគូ និងវិញ្ញាសាឯកត្តជន តែម្ចាស់ផ្ទះមានបន្ថែមវិញ្ញាសាអ្វីផ្សេងទៀតនោះក៏កម្ពុជាលេងដែរ។ លោកអនុប្រធានបាន អះអាងថាចំពោះវិញ្ញាសាជាក្រុម កម្ពុជាសង្ឃឹមថានឹងបានទទួលមេដាយ។

ពេលដែលចោទសួរថាតើប្រទេសណាដែលជាឳបសគ្គសម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ? លោកបញ្ជាក់ថា៖ «ប្រទេថៃ និងឥណ្ឌូនេស៊ី ពិតជាខ្លាំង តែកម្ពុជាក៏ធ្លាប់ជួបប្រកួតជាមួយដែរ។ ជំនួបរវាងក្រុមទាំង ២នេះជាមួយកម្ពុជាប្រសិនបើគេឈ្នះយើងក៏វេទនាដែរ។»

សម្រាប់ប្រភេទកីឡាសូហ្វតិន្នីសអាចនិយាយបានថា កម្ពុជាគឺជាប្រទេសប្អូនពៅគេតែ រៀមច្បងមិនអាចធ្វេសប្រហែសជាមួយប្អូនពៅរូបនេះបានឡើយ។ លោកបន្តថាសព្វថ្ងៃនេះ កម្ពុជាបានបង្កើនការហ្វឹកហាត់ទាំងកម្លាំង ទាំងបច្ចេកទេស ហេតុនេះយើងត្រូវតែមានសង្ឃឹម យើងមិនអាចសម្លឹងឃើញបរាជ័យមុនពេលចូលទីលាននោះទេ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់