ក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាលលើកទី២ ជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង October 17, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានជួបសំណោះសំណាលជាមួយ កីឡាករ-កីឡាការិនី ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឲ្យពង្រឹងការហ្វឹកហាត់បន្ថែមទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស សុខា បានប្រាប់ទៅគ្រូបង្វឹក កីឡាករ-កីឡាការិនី ថា៖ «ត្រូវប្រុងប្រយ័ត្នពីបញ្ហាដូពីង ( សារធាតុ លើកកម្លាំងដែលហាមមិនឲ្យប្រើនៅក្នុងកីឡា ) ប្រសិនបើយើងប្រកួតមានចំណាត់ថ្នាក់ហើយនោះគណៈកម្មការស៊ីហ្គេមទទួលបន្ទុកដូពីង គេពិនិត្យមើលទឹកនោមយើងភ្លាម ប្រសិនបើពិនិត្យមើលទៅឃើញថាមានដូពីងនោះមិនត្រឹមតែគេដកយកមេដាយវិញប៉ុណ្ណោះទេតែកេរ្តិ៍ និងកិត្តិយសជាតិត្រូវធ្លាក់ចុះ មិនតែប៉ុណ្ណោះអត្តពលិករូបនេះត្រូវគេដាក់ពិន័យមិនឲ្តលេងកីឡារយៈពេល ១០ ឆ្នាំទៀតផង ។ លោកព្រមានថាសហព័ន្ធជាតិទាំងអស់ត្រូវតែហ៊ានកាត់សាច់ស្អុយចោលប្រសិនបើអ្នកនោះខ្ជិលហ្វឹក ហាត់ ឬមានសារធាតុដូពីងក្នុងខ្លួន។»

ជាមួយគ្នាផងដែរ ឆ្នាំនេះកម្ពុជា គ្រោងបញ្ជូនប្រតិភូចំនួន ៤០០នាក់ ទៅចូលរួមស៊ីហ្គេមដែល មានកីឡាចំនួន ៣១ប្រភេទ និង១៧៦វិញ្ញាសា។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានឲ្យដឹងថាមូលហេតុដែលកម្ពុជាបញ្ជូន ៣១ប្រភេទកីឡា លើ ៣៤វិញ្ញាសាទៅចូលរួមប្រកួតបែបនេះដោយសារតែប្រភេទកីឡាមួយចំនួនមិនមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកនេះ។

បើតាមការឲ្យដឹងពី លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថា ឆ្នាំ២០១៩ នេះមានការប្រមូលផ្ដុំកីឡាចំនួន ៣៤ប្រភេទ ហើយមានតែ ៣១ប្រភេទប៉ុណ្ណោះដែលត្រូវបញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។

កីឡាករ-កីឡាការិនី បានចាប់ផ្ដើមហ្វឹកហាត់តាំងពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆកា ទើបបញ្ចប់ និងហ្វឹកហាត់រយៈពេល ១៥៨ថ្ងៃ ត្រូវជា ៩៤៨ម៉ោង ហើយបានទទួលការហូបចុករួមគ្នាក្នុងមួយថ្ងៃ ៣ពេល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់