ប្រមុខកីឡា E-Sports ជំរុញឲ្យមានកីឡាការិនី ចូលរួមលេងកីឡា E-Sports

មាស សុផាណារ៉ុង October 16, 2019


 

ភ្នំពេញ៖ ប្រមុខកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លោក ជា ច័ប្ទបរិបូរណ៌ បានជំរុញឲ្យមានកីឡាការិនីចូលរួមលេងកីឡា E-Sports ឲ្យបាននាឆ្នាំក្រោយៗនេះ នេះបើតាមការលើកឡើងរបស់លោកកាលពីពេលថ្មីៗនេះ។

លោកបន្តថាកីឡា E-Sports ជាប្រភេទកីឡាពត៌មានវិទ្យាលេងដោយប្រើបញ្ញា និងភាពវាងវៃ។ អ្នកដែលលេងកីឡានេះបាន ដាច់ខាតត្រូវតែចេះកុំព្យូទ័រច្បាស់លាស់ មិនតែប៉ុណ្ណោះនៅពេលប្រកួតត្រូវតែតាំងអារម្មណ៍ឲ្យបានស្ងប់មិនច្រឡោតទៅតាមការហ៊ោរកញ្រ្ជៀវ ឬការចំអករបស់អ្នកគាំទ្រនៃបដិបក្ខ។

គ្រប់កីឡាទាំងអស់សុទ្ធតែទទួលការចំអក ឬបង្អាប់ពីអ្នកគាំទ្រគូប្រកួតទោះបីគោលការណ៍កីឡាត្រូវគិតពីលេងដោយយុត្តិធម៌ ( Fair-Play ) ក៏ដោយ។ ស្ថានភាពបែបនេះសម្រាប់កីឡាការិនី ងាយនឹងប៉ះពាល់ដល់អារម្មណ៍ណាស់សម្រាប់កីឡាការិនី តែលេងកីឡាវាជួយអប់រំចិត្ត និងធ្វើឲ្យចិត្ត និងអារម្មណ៍មានភាពរឹងមាំ។

ប្រមុខកីឡាE-Sports រូបនេះបញ្ជាក់ថាសម្រាប់ប្រភេទកីឡាដទៃដូចជាបាល់ទាត់ បាល់ទះ ប្រដាល់ និងប្រភេទកីឡាដែលលេងហាលថ្ងៃជាច្រើនទៀតសុទ្ធតែមានកីឡាការិនី តែកីឡា E-Sports ដែលលេងក្នុងម្លប់ លេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ សោះបែរជាគ្មានកីឡាការិនីទៅវិញ។

លោកបានបញ្ជាក់ប្រាប់បន្តថាត្រូវតែបង្កើតឲ្យបាន និងបង្កើតឲ្យមានការប្រកួតរវាងនារី និងនារី ហើយបើក្រុមនារី មានតិចនោះអាចប្រកួតជាមួយក្រុមបុរសបាន។ ការបង្កើតដំបូងពិតជាលំបាក តែបើមិនមានការចាប់ផ្ដើមទេនោះកីឡាការិនី E-Sports នៅតែបន្តគ្មានដដែល។ លោកក៏បានប្រាប់ទៅលោកអគ្គលេខាធិការសហព័ន្ធថា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នោះត្រូវ ត្រូវតែមានកីឡាការិនីដើម្បីចូលរួមប្រកួតដាច់ខាត៕

 

រូបភាព៖ thefrisky

អត្ថបទ៖ វ៉ាន្នី

មតិយោបល់