កីឡាការិនីប៉េតង់ អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាសពានរង្វាន់ Trophee L`Equipe 2019 នៅបារាំង

នូ មករា October 12, 2019


ភ្នំពេញ៖ កីឡាការិនីប៉េតង់កម្ពុជា អ៊ុន ស្រីយ៉ា ទើបតែដណ្តើមបានមេដាយមាសនៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Trophee L`Equipe 2019 នៅប្រទេសបារាំងលើវិញ្ញសាឯកត្តជននារី បន្ទាប់ពីយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះបារាំងនៅវគ្គផ្តាច់ព្រ័ត្ររួចមក។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនក្រុមកីឡាការិនីប៉េតង់កម្ពុជាចំនួន៣នាក់ និងគ្រូបង្វឹកមួយរូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Trophee L`Equipe 2019 នៅប្រទេសបារាំងដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងនោះដែរ កីឡាការិនីប៉េតង់កម្ពុជាចំនួន៣នាក់ដែលបានចេញទៅប្រកួតរួមមាន៖ កីឡាការិនី កែ ឡេង, កីឡាការិនីស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា ព្រមទាំងលោកគ្រូបង្វឹក សុខ ម៉ុង។ គួររំលឹកថា កាលឆ្នាំ២០១៨ ក្រុមកីឡាប៉េតង់កម្ពុជាយើងដណ្តើមបានមេដាយ ៥គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿងទៀតក្នុងចំណោម ៨ប្រទេសដែលប្រមូលផ្តុំសុទ្ធសឹង ជាកីឡាករ-កីឡាការិនីឆ្នើមដែលមានស្នាដៃ និងជាម្ចាស់មេដាយមាសកម្រិតពិភពលោកចូលរួម។

ចំពោះព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Trophee L`Equipe 2019 នេះមាន៧ប្រទេសចូលរួមសុទ្ធសឹងជាប្រទេសដែលមានកីឡាករ-កីឡាការិនីម្ចាស់ មេដាយមាសកម្រិតពិភពលោករួមមាន អ៊ីតាលី ថៃ កម្ពុជា ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កា ចំណែកប្រទេសបារាំងមាន២ក្រុមចូលរួម៕



អត្ថបទ៖ វ៉ាន្នី

រូបភាព៖ Rendez-vous Pétanque

មតិយោបល់