រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៤ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ

មាស សុផាណារ៉ុង October 11, 2019


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុននេះ។

សម្រាប់អ្នកដែលចូលចិត្តដើរផ្សងព្រេង និងអ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញពិភពលោក នឹងមកកាន់ឧទ្យានបុរាណអង្គរ ក្នុងខេត្តសៀមរាប ដែលជាទីតាំងបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ដើម្បីចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៤ នេះ។

ការរត់ប្រណាំងនេះមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការ ដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជាដែលក្នុងនោះរួមមានមន្ទីរពេទ្យកុមារគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ, កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញកំណើនអ្នករត់ប្រណាំងជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលបានឃើញអ្នកចូលរួមកាន់តែច្រើនជាងមុនពិសេសប្រជាជនខ្មែរ។ កាលពីឆ្នាំមុន អ្នករត់ប្រណាំងជាង ១ម៉ឺននាក់មកពីជិត ៨០ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០ភាគរយ នៃអ្នករត់ប្រណាំងសរុប។»

លោកបានបន្តថា នៅឆ្នាំមុនថវិកាជាង ១០ម៉ឺនដុល្លារ ត្រូវបានរៃអង្គាសតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់សហគមន៍កម្ពុជា។ អ្នករត់ប្រណាំងប្រមាណ ៥០០នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ជាលើកដំបូងនៅឆ្នាំ១៩៩៦ ហើយព្រឹត្តិការណ៍នេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៤ ឥឡូវមានអ្នកចុះឈ្មោះ ៣៧០០នាក់ ក្នុងនោះជនជាតិបរទេសមានចំនួន ២៨០នាក់ និងជនជាតិខ្មែរ ៩០០នាក់។ ឯកឧត្តម វ៉ាត់ ចំរើន រំពឹងទុកថា នឹងមានអ្នកចូលរួមរត់ប្រណាំងច្រើនជាងមុននៅឆ្នាំនេះ។ ការរត់ប្រណាំងនេះចាប់ផ្តើមនៅម៉ោង ៥និង១៥ នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុងចម្ងាយប្រកួតចំនួន ៤ប្រភេទ ដែលក្នុងនោះមានចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ ឬ ៣គីឡូម៉ែត្រ។

បញ្ជាក់ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ មក។ ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។

ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីជនរងគ្រោះដោយសារគ្រាប់មីនជាច្រើននាក់ ហើយការរត់ប្រណាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិភណ្ឌពិភពលោកហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បីផ្តល់ការលើកទឹកចិត្តនិងក្តីសង្ឃឹមដល់ជនរងគ្រោះទាំងនោះព្រមទាំងអំពាវនាវដល់ពិភពលោកឲ្យគាំទ្រដល់ការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់