ដំណើរវិវឌ្ឍន៍ នៃលទ្ធភាពរបស់ប្រទេសជាសមាជិកតំបន់អាស៊ាន ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក World Cup 2034

មាស សុផាណារ៉ុង October 9, 2019


 

ហ្វីលីពីន៖ បណ្តាប្រទេសដែលជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ( Association of Southeast Asian Nations ) កំពុងរៀបចំកិច្ចប្រជុំ «រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩ – The Fifth ASEAN Ministerial Meeting on Sports (AMMS-5) 2019» នៅប្រទេសហ្វីលីពីន ដើម្បីរៀបចំការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ( FIFA World Cup 2034 ) នៅឆ្នាំ២០៣៤។

គណៈកម្មការកីឡាហ្វីលីពីន ( PSC ) កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ កីឡាក្នុងតំបន់ និងមន្រ្តីរដ្ឋាភិបាល មកពីប្រទេសចំនួន១១ ( ប្រទេសអាស៊ានទាំង១០ បូកជាមួយជប៉ុន ) ខណៈដែលក្នុងនោះក៏មានការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ផងដែរ។

វៀបវារៈសំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំថ្ងៃដំបូង រួមមាន៖

  • ១) ការងារដេញថ្លៃរួមគ្នារបស់អាស៊ានសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup
  • ២) ការបង្កើតសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ និងការរៀបចំការប្រកួត eSport ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០
  • ៣) ពិនិត្យឡើងវិញនូវល័ក្ខខ័ណ្ឌការងារក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីវិស័យកីឡា
  • ៤) ការអនុវត្តផែនការការងារអាស៊ានស្តីពីកីឡា ២០១៦-២០២០ និងរៀបចំផែនការការងារអាស៊ានស្តីពីកីឡា ២០២១-២០២៥
  • ៥) ការរៀបចំទិវាកីឡាអាស៊ាន ឆ្នាំ២០១៩
  • ៦) ប្រទេសហ្វីលីពីនធ្វើបច្ចុប្បន្នភាពអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩

ថ្លែងក្នុងកិច្ចប្រជុំ លោក William Butch Ramirez ប្រធានគណៈកម្មការកីឡាហ្វីលីពីន ( PSC ) បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីកីឡា (AMMS) ថា «វានឹងក្លាយជាកិច្ចសហប្រតិបត្តិការ និងផ្នែកមួយនៃរបៀបវារៈសម្រាប់តំបន់ទាំងមូល គឺត្រូវផ្តល់អាទិភាពដល់គំនិតកីឡាសម្រាប់ទាំងអស់គ្នា។»

លុះឈានចូលដល់ថ្ងៃទី០៩ ខែតុលា កិច្ចប្រជុំផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖

  • ការបង្កើតក្រុមការងារបច្ចេកទេស អាស៊ានសម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃរួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034
  • ពិនិត្យសំណើរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង ASEAN ជាមួយ FIFA
  • ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការការងារ ស្តីពីវិស័យកីឡា ឆ្នាំ ២០១៦-២០២០
  • អង្គប្រជុំបានពិភាក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានការងារស្តីពីកីឡាអាស៊ាន
  • ពិភាក្សារៀបចំបង្កើត ASEAN SPORT ZONE នៅតាមបណ្តាប្រទេសជាសមាជិក
  • ពិនិត្យការចុះអនុស្សារណៈយោគយល់គ្នារវាង ASEAN និងប្រទេសរុស្សីដោយផ្តោតលើ ៣ចំណុចសំខាន់ៗ រួមមាន៖
    ១. ការហ្វឹកហាត់កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល-ចៅក្រម
    ២. បណ្តុះបណ្តាលមន្ត្រីលើជំនាញគ្រប់គ្រងកីឡា
    ៣. បណ្តុះបណ្តាលលើជំនាញវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តកីឡា

ចាំបានថា កាលពីប៉ុន្មានខែមុន នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថាសមាជិកអាស៊ាន នឹងធ្វើការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រកីឡាមានប្រទេសច្រើនរួមគ្នាធ្វើម្ចាស់ផ្ទះបែបនេះ។

យ៉ាងណាមិញថ្មីៗនេះ អូស្រ្តាលី ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរក្នុងការចូលរួមក្នុងការដេញថ្លៃ ហើយនៅក្នុងខែមិថុនា សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះ បាននិយាយថាខ្លួនបានពិភាក្សាជាមួយ ឥណ្ឌូណេស៊ី អំពីការដេញថ្លៃរួមគ្នាមួយ ហើយបានស្វាគមន៍ប្រទេសអាស៊ានដទៃទៀតដើម្បីចូលរួមជាមួយពួកគេ។

ងាកមកវិញ លោក Peter Velappan ( បុរសជនជាតិម៉ាឡេស៊ី ) ដែលជាអតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានអំពាវនាវដាច់ដោយឡែកពីគ្នាឲ្យ ប្រទេសសិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និងម៉ាឡេស៊ី ចូលរួមក្នុងគម្រោងនេះ៕

 

ប្រភព៖ sportbusiness

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ ណារ៉ុង

មតិយោបល់