កីឡាករទូកក្តោងកម្ពុជា ៣នាក់ ចូលរួមការប្រកួត ASAF Asian Windsurfing Championships 2019 នៅចិន

មាស សុផាណារ៉ុង October 9, 2019


 

ភ្នំពេញ៖ ក្រោយពីការហ្វឹកហាត់រយៈពេល ១ខែ របស់កីឡាករជម្រើសជាតិកីឡាទូកក្តោងកម្ពុជា ៣រូប លើវិញ្ញាសាទូកក្តោង Windsurfing នៅប្រទេសចិន កន្លងមកនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករទាំង ៣រូបនេះដឹកនាំដោយ លោក សោម សុទ្ធរិទ្ធិពង្ស ដែលគ្រូបង្វឹកជម្រើសជាតិ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិ ASAF Asian Windsurfing Championships 2019 នាប្រទេសចិន ដដែល។

ព្រឹត្តឹការណ៍ខាងលើនេះ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន លើ ៨វិញ្ញាសាដែលមានកីឡាករប្រមាណ ១៣០រូប មកពី ៤ប្រទេស ចូលរួមរៀបចំឡើងដោយ សហព័ន្ធកីឡាទូកក្តោងប្រទេសចិន និងសហព័ន្ធកីឡាទូកក្តោងអាស៊ី។

សម្រាប់កីឡាករទាំង ៣រូបរបស់កម្ពុជា រួមមានកីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men, កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y និងកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y។

ការប្រកួតនេះជួយអាចឲ្យកីឡាករទាំង ៣រូប បញ្ចេញ និងវាស់ស្ទង់ពីសមត្ថភាពជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ នឹងត្រៀមខ្លួនសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់