វ៉ាត់ ចំរើន បញ្ជាក់ថា៖ «សហព័ន្ធកីឡាជាតិណាដែលមានកាតព្វកិច្ចឆ្ពោះទៅស៊ីហ្គេម២០២៣ ត្រូវតែដើរឲ្យទាន់គេ»

មាស សុផាណារ៉ុង October 9, 2019


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលពីលទ្ធផលការងារ ក្នុងត្រីមាសទី៣ របស់ CAMSOC ក្រោមការដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។

ភ្ជាប់ជាមួយគ្នានោះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បញ្ជាក់ថា សហព័ន្ធទាំងឡាយណាដែលដឹងច្បាស់ថាខ្លួនមានកាតព្វកិច្ចឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ត្រូវតែកែទម្រង់ និងដើរឲ្យទាន់គេពីព្រោះ CAMSOC មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សហព័ន្ធកីឡាជាតិឡើយ ប៉ុន្តែ CAMSOC នៅរង់ចាំជួយជានិច្ចឲ្យសហព័ន្ធមានភាពរឹងមាំ និងម្ចាស់ការដោយខ្លួនឯង ក្នុងផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្តថា៖ «សហព័ន្ធកីឡាជាតិដែលមានក្នុងស៊ីហ្គេម ឆ្នាំ២០២៣ គឺសហព័ន្ធទាំងនោះនឹងមានភាពរឹងមាំរាប់សិបឆ្នាំក្រោយឆ្នាំ២០២៣ ជាបន្តទៀត។ ដូចនេះសាមីសហព័ន្ធ គប្បីត្រូវនឹកឃើញ និងត្រូវប្រឹងប្រែងឲ្យបានរឹងមាំដោយខ្លួនឯង។» លោកបានបញ្ជាក់ទៀតថា៖ «នៅឆ្នាំ២០២១ ខាងមុខ CAMSOC នឹងវាយតម្លៃចុងក្រោយបំផុតថាតើសហព័ន្ធណាខ្លះត្រូវចូលស៊ីហ្គេម ឆ្នាំ២០២៣ និងសហព័ន្ធណាខ្លះត្រូវនៅខាងក្រៅ។»

លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងលោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ បានដាក់ចេញនូវគោលការណ៍ឲ្យលេខាធិការដ្ឋាន CAMSOC ធ្វើយ៉ាងណាជំរុញយន្តការដឹកនាំ គ្រប់គ្រង របស់សហព័ន្ធកីឡាជាតិឲ្យមានភាពច្បាស់លាស់។

មកដល់ពេលនេះ ភាពស្មុគស្មាញត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយជាក់ស្តែងសហព័ន្ធកីឡាទទួលបានសេវានេះជាបណ្តើរៗហើយ ដោយគិតមកដល់ថ្ងៃនេះគឺមានសហព័ន្ធចំនួន ៧ហើយដែលទទួលបានការឧបត្ថម្ភថវិកាពី CAMSOC សម្រាប់ចេញទៅហ្វឹកហាត់ និងធ្វើការប្រកួតនៅក្រៅប្រទេស។

ជាមួយគ្នានោះ CAMSOC បានកោតសរសើរនូវស្មារតីចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធកីឡាជាតិនានា ខណៈលេខាធិការដ្ឋាន CAMSOC បានបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងជួយសម្រួលឲ្យបានលឿនឆាប់រហ័សនូវការឧបត្ថម្ភគាំទ្រថវិកាជូនដល់សហព័ន្ធកីឡាជាតិ ប្រកបដោយភាពស្មោះត្រង់ និងច្បាស់លាស់។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា «CAMSOC កំពុងសម្រួច និងជួយជ្រោមជ្រែងទៅលើសហព័ន្ធកីឡាជាតិណា ដែលកំពុងមានយន្តការគ្រប់គ្រងល្អ និងផែនការច្បាស់លាស់។ រីឯសហព័ន្ធមួយចំនួនដែលនៅសេសសល់បញ្ហាផ្ទៃក្នុង ភាពអសកម្មផ្ទៃក្នុង គឺយើងមិនរង់ចាំទេ ដោយ CAMSOC នឹងបន្តដើរឆ្ពោះទៅមុខជានិច្ច។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានកំណត់យកថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជាពេលវេលារៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់នេះ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់