សម្ដេចក្រឡាហោម ស ខេង ផ្ដល់ប្រាក់លើកទឹកចិត្តដល់កីឡាករបានមេដាយពីកីឡាសូហ្វតេនីស

មាស សុផាណារ៉ុង October 8, 2019


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននាំយកថវិកាលើកទឹកចិត្តរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ផ្ដល់ជូនដល់កីឡាករ-កីឡាការិនី ដែលបានមេដាយក្នុងការប្រកួតជើងឯកយុវជនអាស៊ី និងនិស្សិតសាកលវិទ្យាល័យអាស៊ី កន្លងមកនាប្រទេសហ្វីលីពីន។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានឲ្យដឹងថាការប្រកួតទាំង ២ព្រឹត្តិការណ៍នេះធ្វើនៅប្រទេសហ្វីលីពីន ដោយមានប្រទេសចំនួន ១៣ចូលរួម។ នេះជាលើកដំបូងហើយដែល កីឡាករ-កីឡាការិនី សូហ្វតិន្នីសកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សម្រាប់ការប្រកួតសូហ្វតិន្នីសអាស៊ីកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ ១គ្រឿង គឺកីឡាករ កាន់ សោភ័ណ្ឌ។ ចំពោះការប្រកួតដណ្ដើមជើងឯកយុវជនអាស៊ីកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធចំនួន ៣គ្រឿង។ មេដាយសំរិទ្ធទាំង ៣គ្រឿងនោះគឺបាន លើវិញ្ញាសាឯកត្តជន ដែលរកបានដោយកីឡាករ សាយ សុចិត្រា។

មួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូយុវជន ដែលរកបានដោយកីឡាករ សំ ចាន់កាប៊ីន និងកីឡាករ សាយ សុចិត្រា។ មេដាយសំរិទ្ធទី៣ រកបានលើវិញ្ញាសាវាយក្រុមយុវជន ដែលមួយក្រុមមាន ៦នាក់។

សម្រាប់អ្នកបានមេដាយសំរិទ្ធ សម្ដេចក្រឡាហោម ផ្ដល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗ ៣០០ដុល្លារ វិញ្ញាសាវាយក្រុម ៦នាក់ បាន ៩០០ដុល្លារ ចំពោះអ្នកដែលមិនបានមេដាយបាន ផ្ដលប្រាក់ឧបត្ថម្ភម្នាក់ៗ ១០០ដុល្លារផងដែរ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់