ក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

មាស សុផាណារ៉ុង October 7, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា មកនោះបានបញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែតុលា នាសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេ បានអញ្ជើញចូលរួម

ក្នុងចំណោម ២១ សមាគម-ក្លឹប ដែលចូលរួមការប្រកួតនេះ ជាលទ្ធផល គឺសមាគមកីឡាការ៉ាតេមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ បានឈ្នះមេដាយច្រើនជាងគេ គឺចំនួន១៨ ក្នុងនោះមេដាយមាសចំនួន១១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធ៦ ឈរលំដាប់លេខរៀងទី១ លើតារាង។

សម្រាប់លំដាប់លេខរៀងទី២ គឺសមាគមកីឡាក្រសួងមហាផ្ទៃ បានមេដាយមាស៦ ប្រាក់៣ សំរិទ្ធ៣ សរុបចំនួន ១២គ្រឿង ហើយលំដាប់លេខរៀងទី៣ គឺក្លឹបការ៉ាតេដូ អូគឹយឺគឹ ខេត្តសៀមរាប បានមេដាយចំនួន១០ គឺមេដាយមាស៣ ប្រាក់៤ និងសំរិទ្ធ៣។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រោយពេលដែលរូបលោកត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធជ្រើសតាំងជាប្រធានខេមរសហព័ន្ធមកនោះ លោកបានដាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ «ប្រជាជនម្នាក់ ហាត់កីឡាមួយមុខ» និង «ក្រសួង-ស្ថាប័នមួយ ទ្រទ្រង់កីឡាមួយប្រភេទ»។

បើតាមរបាយការណ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាការ៉ាតេ បានឲ្យដឹងថាឆ្លងកាត់ការប្រកួតជើងឯកនេះសហព័ន្ធពិនិត្យឃើញថា កីឡាករ-កីឡាការិនី ការ៉ាតេកម្ពុជាបច្ចុប្បន្នគឺមានការរីកចម្រើនខាងបច្ចេកទេស ទាំងផ្នែកវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាកាតា ពិសេសកីឡាករដែលមានអាយុ១៥ឆ្នាំ រហូតដល់ជាង២០ឆ្នាំ គឺបានបង្ហាញឲ្យឃើញពីកម្រិត និងគុណផលកីឡាកម្រិតខ្ពស់ដែលដែលជាការរីកចម្រើនថ្មីមួយ ដែលសហព័ន្ធបានដាក់ទិសដៅឱ្យគ្រប់ក្លឹបសមាគមទាំងអស់ហ្វឹកហាត់ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ ឆ្នាំ២០១៩ នេះ មានប្រតិភូសរុបចូល រួមចំនួន ១៦៦នាក់ មកពី ២១ក្លឹប ដែលមានកីឡាករ-កីឡាការិនី ចំនួន ១២១នាក់ ក្នុងនោះកីឡាការិនី មាន ៣៥នាក់។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតវិញនោះ មានវិញ្ញាសាប្រកួតចំនួន៤ រួមមាន វិញ្ញាសាកាតាឯកត្តជន និងកាតាក្រុម, វិញ្ញាសា ប្រយុទ្ធឯកត្តជន និងប្រយុទ្ធក្រុម (Kurto) ដែលចែកចេញជា ៣៦ប្រភេទ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់