ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អះអាងថា អាងទឹកអូឡាំពិក នៅសល់ការងារជាច្រើនទៀតដែលត្រូវធ្វើ និងមិនអាចហើយតាមការគ្រោងទុក

មាស សុផាណារ៉ុង October 6, 2019


 

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចុះទៅត្រួតពិនិត្យមើលពីលទ្ធផលនៃការសាងសង់ និងជួសជុលអាងហែលទឹកនៅពហុកីឡដ្ឋានជាតិ អមដំណើរដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដ្បិតការជួសជុល និងការសាងសង់ មកទល់ពេលនេះសម្រេចបានប្រមាណជា ៩៥ភាគរយ ហើយនេះបើតាមការអះអាងពីក្រុមហ៊ុនដែលទទួលសាងសង់ និងជួសជុលផ្ទាល់។

ថ្លែងក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា នៅសល់ការងារជាច្រើនទៀតដែលត្រូវធ្វើ និងមិនអាចហើយតាមការគ្រោងដែលថាត្រូវបញ្ចប់នាចុងខែតុលា នេះនោះទេ។

ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងយ៉ាងដូច្នេះថា៖ «លោកស្នើសុំឲ្យក្រុមហ៊ុនសៀងហៃ.ខនត្រាក់សិនគ្រុប ដែលជាក្រុមហ៊ុនទទួលសាងសង់ផ្លូវនៅកម្ពុជា ហើយក្រុមហ៊ុននេះក៏ធ្លាប់សាងសង់អាងហែលទឹកជាច្រើនកន្លែងនៅក្នុងប្រទេសចិន ក៏ដូចជានៅបណ្ដាប្រទេសផ្សេងៗ ដើម្បីស្ដារពង្រីកអាងហែលទឹកអូឡាំពិកយើងនេះ ដោយត្រូវចំណាយជាង២លានដុល្លារ។»

លោកបន្តថា៖ «ពីដើមអាងអូឡាំពិកយើងនេះ មានតែ ៨ខ្សែបន្ទាត់ទេ តែឥឡូវពង្រីកបាន ១០ខ្សែបន្ទាត់ ដូចអាងហែលទឹកនានានៅលើពិភពលោកដែរ។ អាងកែលម្អថ្មីនេះ មានទំហំ ២៥ម៉ែត្រគុណនឹង ៥០ម៉ែត្រ ពីដើមតែ ៥០គុណនឹង២០ម៉ែត្រទេ តែពេលនេះ ៥០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ គឺត្រូវតាមស្តង់ដារអន្តរជាតិថ្មី ហើយកន្លែងលោតទឹក ក៏បានពង្រីកថ្មីផងដែរ។ ក្រៅពីនេះយើងក៏បានស្នើឲ្យក្រុមហ៊ុន ជួសជុលអគារស្នាក់នៅសម្រាប់ក្រុមជម្រើសជាតិ បានចំនួន ៥៥នាក់ផងដែរ។ ក្រៅពីនេះមានកន្លែងអាហារដ្ឋាន និងចង្ក្រានបាយ ព្រោះថាកីឡាហែលទឹកនេះបើគ្មានការហូបអាហារគ្រប់គ្រាន់ និងកន្លែងស្នាក់នៅត្រឹមត្រូវទេនោះ គឺពិបាកក្នុងការដណ្តើមមេដាយណាស់។ ហើយទន្ទឹមនេះក៏យើងបានសាងសង់អោយមានបន្ទប់ហាត់កម្លាំងកាយសម្បទាសម្រាប់ទុកឲ្យកីឡាករហ្វឹកហាត់ព្រោះថានៅក្នុងកីឡាហែលទឹកនេះ ពីដើមយើងហាត់តែក្នុងទឹកទេ តែឥឡូវនេះគឺត្រូវហាត់នៅលើគោកផង និងក្នុងទឹកផង។»

ប៉ុន្តែយ៉ាងណា បន្ទាប់ពីត្រួតពិនិត្យមើលនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានស្នើសុំឲ្យក្រុមហ៊ុនកែលម្អទីកន្លែងមួយចំនួន ដូចជាបន្ទប់បញ្ជា របងដែក និងប៉ាណូទូរទស្សន៍ LED សម្រាប់លទ្ធផល ក៏ត្រូវតែប្ដូរដាក់ឲ្យបានធំជាងមុន និងអាចដាក់ LED ដាក់ពិន្ទុនេះ នៅកន្លែងអាងលោតទឹកខាងត្បូងមួយទៀត។ នៅកន្លែងអង្គុយទស្សនា ក៏ត្រូវតែកែលម្អទៀត ដោយត្រូវដាក់ថ្មដុះរំលេចដោយពណ៌ខៀវ ក្រហម ស កន្លែងជណ្តើរកណ្តាល។ សរុបមក ការសាងសង់មកទល់ពេលនេះ គឺនៅច្រើនដែលតាមគម្រោងដែលថាចុងខែតុលានេះនឹងចប់សព្វគ្រប់នោះ គឺមិនអាចហើយទេ។

សូមបញ្ជាក់ថា ការជួសជុល និងសាងសង់អាងហែលទឹកនេះគម្រោងចំណាយរយៈ ពេលពី ៧ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់ការជួសជុលជាផ្លូវនាចុងខែតុលា ឬដើមខែវិច្ចិកា ឆ្នាំ២០១៩។ នេះតាមការបញ្ជាក់ប្រាប់ដោយ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក កាលពីចុងខែសីហាកន្លងមក៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់