ប្រមុខកីឡា E-Sport ផ្ដាំកីឡាករថា «កុំគ្រាន់តែជាខ្លាក្នុងស្រុក ហើយក្លាយជាទន្សាយក្រៅស្រុក»

មាស សុផាណារ៉ុង October 5, 2019


 

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៤ ខែតុលា ម្សិលមិញ លោក ជា ច័ន្ទបរិបូរណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានថ្លែងនៅចំពោះមុខកីឡាករ E-Sport កម្ពុជាចំនួន ៥រូបថា «ជាអ្នកកីឡាកុំគ្រាន់តែជាខ្លាក្នុងស្រុក ហើយនៅក្រៅស្រុកជាទន្សាយនោះ» ពោលគឺមុនចេញទៅចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games ) នៅប្រទេសហ្វីលីពីន។

លោកព្រមានថា នៅពេលប្រកួត បើចាញ់គេត្រូវតែទទួលស្គាល់ថាចាញ់ កុំប្រើពាក្យថាទៅដកស្រង់បទពិសោន៍ដាច់ខាត។ ពេលនេះកីឡាអេឡិចត្រូនិកកម្ពុជាកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។

នៅពេលដែលចោទសួរថា តើក្នុងចំណោមប្រទេសទាំង ៩នេះប្រទេសណាជាឧបសគ្គ សម្រាប់កម្ពុជានោះ លោក ជា ច័ន្ទបរិបូរណ៌ មានប្រសាសន៍ថា៖ «ហ្វីលីពីនដែលជាម្ចាស់ផ្ទះគឺជាក្រុមដែលត្រូវប្រយ័ត្ន ចំពោះប្រទេសថៃក៏យើងមិនអាចមើលរំលងបានដែរ។»

លោកក៏បានប្រាប់ទៅកីឡាករទាំង ៥រូបដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេមថាត្រូវប្រយ័ត្នពីដូពីង ( ការប្រើប្រាស់ថ្នាំលើកកម្លាំងដែលហាមមិនឲ្យប្រើនៅក្នុងកីឡា )។ ប្រកួតចប់បើគេរកឃើញថាមានសារធាតុដូពីងនោះគឺត្រូវដកមេដាយមកវិញជាមួយគ្នានេះកិត្តិយសរបស់ កីឡាករ និងប្រទេសជាតិត្រូវធ្លាក់ចុះតែម្ដង។

នេះជាលើកដំបូងហើយដែលកីឡា E-Sport ត្រូវបានចុះបញ្ជីនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ក្នុងខណៈដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះ។ ប្រមុខកីឡា E-Sport កម្ពុជារូបនេះទទួលស្គាល់ថា ហ្វីលីពីន ពិតជាខ្លាំង ទើបបានជាគេសម្រេចចិត្តចុះបញ្ជីកីឡានេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមបែបនេះ។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games ) លើកទី៣០ នេះកីឡា E-Sport ត្រូវបានគេដាក់ឲ្យប្រកួតចំនួន ៥វិញ្ញាសា តែសម្រាប់កម្ពុជាត្រៀមប្រកួតលើវិញ្ញាសា Mobile Legend Bang Bang ដែលជាវិញ្ញាសាប្រកួតតាមរយៈទូរស័ព្ទស្មាតហ្វូន (Smart Phone)។

ក្រុមកម្ពុជាដែលត្រូវទៅចូលរួមប្រកួតនោះគឺក្រុម Helheim ដែលជាក្រុមខ្លាំងជាងគេនៅក្នុងប្រទេស បន្ទាប់ពីបានយកឈ្នះក្រុម Men Version pro ក្នុងការប្រកួតផ្ដាច់ព្រ័ត្រកន្លងមកថ្មីៗ នេះ។

បញ្ជាក់ថា មកទល់ពេលនេះមានប្រទេសចំនួន៩ ហើយដែលបានចុះបញ្ជីចូលរួមប្រកួតកីឡាអេឡិចត្រូនិកនេះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយមានតែប្រទេសប្រ៊ុយណេ និងប្រទេសទីម័រខាងកើតប៉ុណ្ណោះ ដែលមិនទាន់ចុះឈ្មោះចូលរួមប្រកួត។

សូមបញ្ជាក់ថាការចេញទៅប្រកួតនេះក្រុមកីឡាករ E-Sport កម្ពុជាបានទទួលការជួយឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទសែលកាត និងបណ្ដាក្លិបនានារបស់សហព័ន្ធ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់