ការប្រកួតការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បើកជាផ្លូវការ

មាស សុផាណារ៉ុង October 3, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បានបើកការប្រកួតជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៣ ខែតុលា នេះ នៅសាលការ៉ាតេ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ថា ការរៀបចំការប្រកួតនេះគឺក្នុងគោលបំណងលើកកម្ពស់ការអប់រំសុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ-កីឡាការិនី ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ និងត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០១៩ នេះ មានប្រតិភូសរុបចូលរួមចំនួន ១៦៦នាក់ មកពី ២១ក្លឹប ដែលមានកីឡាករ-កីឡាការនី ចំនួន ១២១នាក់ ក្នុងនោះកីឡាការិនី ៣៥នាក់។

បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រៅពីនេះមានប្រតិភូ ១៤នាក់ អាជ្ញាកណ្ដាល ចៅក្រម ៦នាក់ (មកពីក្លិបផ្សេងៗ) គ្រូដឹកនាំ ២៥នាក់ និងគណ:កម្មការបច្ចេកទេសចំនួន ៥០នាក់។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនៅក្នុងឆ្នាំ ២០១៩នេះ មានវិញ្ញាសាប្រកួតចំនួន ៤រួមមាន វិញ្ញាសាកាតាឯកត្តជន និង កាតាក្រុម, វិញ្ញាសា ប្រយុទ្ធឯកត្តជន និងប្រយុទ្ធក្រុម (Kurto) ដែលចែកចេញជា ៣៦ប្រភេទ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ កន្លងមក ការប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ មានប្រតិភូចូលរួមចំនួន ១៧៣នាក់ ក្នុងនោះមានកីឡាករ-កីឡាការនី ចំនួន ១៧៣នាក់ លើសឆ្នាំនេះចំនួន ៦នាក់។

គួររម្លឹកឲ្យដឹងថា លទ្ធផលចំណាត់ថ្នាក់កាលពីឆ្នាំ២០១៨នោះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាការ៉ាតេក្រសួងការពារជាតិ ( ខ. ភ.ម ) ចំណាត់ថ្នាក់លេខ២ បានទៅលើ សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ៣ បានទៅលើ សាលាគុណសុរិយាការ៉ាតេ-ដូ សូតូកង់៕

 

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់