ការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នឹងធ្វើឡើងនៅចុងខែតុលា នេះ

មាស សុផាណារ៉ុង October 2, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានធ្វើសេចក្តីជូនដំណឹងដល់បណ្តាសមាគមក្លឹបកីឡាវាយសី ក្នុងរាជធានី-ខេត្ត ទាំងអស់ជុំវិញការរៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីលានវាយសីពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងនេះបាន អញ្ជើញសមាគម ក្លឹបកីឡាវាយសី ជាសមាជិកទទួលស្គាល់ដោយសហព័ន្ធកីឡាវាយសីកម្ពុជា ទាំងអស់ដែលមានបំណងចូលរួមប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៩ សូមអញ្ជើញដាក់ពាក្យសុំចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃផុតកំណត់នៅថ្ងៃទី១២ ខែតុលា។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានអះអាងថា លោកចង់ឲ្យមានការចូលរួមច្រើនព្រោះការប្រកួតមួយដែលមានការចូលរួមច្រើននោះវានឹងធ្វើឲ្យការប្រកួតនោះកាន់តែមានគុណភាព។ កីឡាករ-កីឡាការិនី ដែលប្រជែងគ្នាក្នុងចំណោមមនុស្សច្រើនគឺពិតជាមានគុណភាពកាន់តែខ្ពស់។

លោកទទួលស្គាល់ថាពីមួយឆ្នាំទៅមួយឆ្នាំសមាគម ក្លិប ចំនួនកីឡាករ-កីឡាការិនីកាន់តែមានកំណើន ហេតុនេះតាមទម្លាប់ដែលមានកំណើននេះលោកមានជំនឿចិត្តថាឆ្នាំនេះសមាគម ក្លិប នឹងបញ្ជូនកីឡាករ កីឡាការិនី ឲ្យមកចូលរួមកាន់តែច្រើនជាមិនខាន៕

 

រូបភាព៖ Cambodia Badminton Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់