ប្រទេសចំនួន ៣៩ បានចុះឈ្មោះចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោក នៅកម្ពុជា

មាស សុផាណារ៉ុង October 1, 2019


 

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះមានប្រទេស ចំនួន៣៩ ហើយដែលបានចុះឈ្មោះចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសកម្ពុជា នាចុងឆ្នាំនេះ។

លោកបានព្យាករណ៍ថា អាចនឹងមានប្រទេសចំនួនពី ៤៥ ទៅ ៥០ប្រទេស នឹងចុះឈ្មោះចូលរួមប្រកួតជើងឯកពិភពលោកដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏លោកបញ្ជាក់ថាប្រសិនបើមានប្រទេសត្រឹមតែ ៤៥នោះ ការរៀបចំការប្រកួតគឺមានលក្ខណៈងាយស្រួល និងងាយគ្រប់គ្រងជាង តែបើមានប្រទេសចូលរួមកាន់តែច្រើននោះការប្រកួតនឹងកាន់តែលំបាកគ្រប់គ្រង។

លោកក៏បានអះអាងថាសម្រាប់កម្ពុជាដែលបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនោះបានត្រៀមខ្លួនរួចហើយគឺ ទាំងទីលាន ទាំងមន្ត្រីរៀបចំ និងមន្ត្រីបច្ចេកទេស។ ការដែលកម្ពុជាទទួលរៀបចំការប្រកួតនេះគឺបានទទួលការយល់ព្រមពីប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិគឺ លោក Claude Azama។

លោក Claude Azama បន្ទាប់ពីផ្ដល់សិទ្ធឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះលោកបានជួយបណ្ដុះបណ្ដាលដល់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាល ចៅក្រមកម្ពុជា រួចរាល់ផងដែរ ហើយពួកគេនឹងចូលរួមក្នុងការបម្រើការប្រកួតជើងឯកពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់