កីឡាករទូកក្តោងកម្ពុជា ១រូបទៅហាត់នៅសិង្ហបុរី រយៈពេល១ខែ ត្រៀមស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង September 30, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករ ញ៉ូវ ចាន់ ដែលប្រកួតលើវិញ្ញសា Laser Standard ទៅធ្វើការហ្វឹកហាត់នៅប្រទេសសិង្ហបុរី រយៈពេល ១ខែ ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តិទៅនៅខែធ្នូ ខាងមុខនេះ។

សម្រាប់ការចេញទៅហ្វឹកហាត់នេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំឡើងដោយទទួលបានការជួយគាំទ្រពីសំណាក់សហព័ន្ធកីឡាទូកក្តោងប្រទេសសិង្ហបុរី និងវិទ្យាស្ថានជាតិកីឡាយុវជនសឹង្ហបុរី ដែលបានផ្តល់នូវគ្រូបង្វឹកជំនាញទាំងផ្នែកការហ្វឹកហាត់កាយសម្បទា និងការហ្វឹកហាត់បច្ចេកទេសជិះទូកក្តោង ដោយបានរៀបចំផែនការច្បាស់លាស់ដល់កីឡាកររបស់កម្ពុជា សម្រាប់ការហ្វឹកហាត់ដែលមានរយៈពេល ១ខែនេះ។

សហព័ន្ធកីឡាករទូកក្តោងកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ក្លឹបទូកក្តោង Aloha Sea Sports Center ដែលបានផ្តល់នូវសម្ភារៈហ្វឹកហាត់ និងកន្លែងស្នាក់នៅដល់កីឡាករកម្ពុជា ផងដែរ។ ការហ្វឹកហាត់នេះ គឺជាពិតជាផ្តល់នូវបទពិសោធន៍ល្អៗជាច្រើន ក៏ដូចជាកម្មវិធីហ្វឹកហាត់មួយដែលប្រកបដោយស្តង់ដារ ដែលអាចឲ្យកីឡាករ ញ៉ូវ ចាន់ ទទួលបានការអភិវឌ្ឍន៍ខ្លួន និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។

អម្លុងពេលនៃការហ្វឹកហាត់ កីឡាករ ញ៉ូវ ចាន់ ក៏បានចូលរួមប្រកួតកីឡាទូកក្តោង NSC Cup ដែលរៀបចំដោយសហព័ន្ធកីឡាទូកក្តោងសឹង្ហបុរី លើវិញ្ញាសា Laser Radial ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករ ៥រូប ផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់