សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន

មាស សុផាណារ៉ុង September 25, 2019


 

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន «Beginners Open Water Swimming Coach Clinic» ដែលបានប្រព្រឹត្តធ្វើឡើងរយៈពេល ២ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ក្រោមគម្រោងបណ្តុះបណ្តាលផ្ទាល់របស់សហព័ន្ធខ្មែរកីឡាហែលទឹក នោះបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានលោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អញ្ជើញចូលរួមបិទវគ្គ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមផងដែរ។

វគ្គបណ្តុះបណ្តាល នេះមានសិក្ខាកាម ចូលរួមចំនួន ២០នាក់ មកពី ៦ស្ថានប័ន នាយកដ្ឋានអប់រំកាយ និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, ក្លឹបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្លឹបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្លឹបហែលទឹកក្រសួងមហាផ្ទៃ និងក្លឹបហែលទឹកមច្ឆានុប។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ ក្នុងពិធីបិទថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋានមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាហែលទឹក ឲ្យកាន់តែមានជំនាញច្បាស់លាស់ដែលសិក្ខាកាមទាំងអស់ នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាហែលទឹក ដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនី ដើម្បីឲ្យក្លាយជាកីឡាករ-កីឡាការិនី មានទេពកោសល្យ សម្រាប់វិញ្ញាសាហែលទឹកទីឆ្ងាយនេះ។

លោក ហែម គីរី បានឲ្យដឹងដែរថា៖ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយ កម្រិតមូលដ្ឋាន នេះបង្ហាត់បង្រៀនដោយ លោក នាង សូរិទ្ធិយ៉ា ជាគ្រូដែលកម្ពុជាយើងបានបញ្ជូនទៅសិក្សានៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៨ កន្លងមក ដែលបង្រៀនដោយគ្រូជនជាតិអាមេរិក និងគ្រូមកពីសហព័ន្ធហែលទឹកអន្តរជាតិ។» 

វគ្គនេះ សិក្សាកាមទាំងអស់បានសិក្សាវគ្គបណ្តុះបណ្តាល ផ្នែកទ្រឹស្ដីនៅក្នុងថ្នាក់ ដោយ លោក នាង សូរិទ្ធិយ៉ា និងអនុវត្តផ្ទាល់នៅទីលាន ដោយ លោក ហែម ថុនពន្លឺ។ សិក្ខាកាមបានទទួលយកចិត្តទុកដាក់ក្នុងការសិក្សាវគ្គបណ្តុះបណ្តាល ដោយទទួលបានលទ្ធផលនិទ្ទេសល្អបានចំនួន ៨៥% និងនិទ្ទេសមធ្យមបានចំនួន ១៥%។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា គោលបំណងដែលសហព័ន្ធបើកវគ្គនេះឡើង គឺទី១ ដើម្បីបង្កើនធនធានគ្រូបង្វឹកផ្នែកកីឡាហែលទឹកទីឆ្ងាយ នៅតាមក្លិប សមាគម ខេត្ត ទី២ ចង់ពង្រឹងសមត្ថភាពគ្រូឧទ្ទេសរបស់កម្ពុជាអោយមានបទពិសោធន៍បង្រៀន និងចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេសដែលបានទៅសិក្សានៅបរទេសនោះ មកដល់គ្រូបង្វឹកនៅក្នុងប្រទេស៕

 

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់