ប្រមុខប៉េតង់៖ គ្រោងសាងសង់ទីលាន កីឡាប៊ូល និងប៉េតង់ នៅតាមសាលារៀន និងបំផុសឲ្យមានការប្រកួត

មាស សុផាណារ៉ុង September 25, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា លោកនឹងរៀបចំសាងសង់ទីលានប៊ូល និងប៉េតង់តាមសាលារៀន នានាទូទាំង ២៥ រាជធានី-ខេត្ត។

ជាមួយនឹងការសាងសង់នេះលោកនឹងរៀបចំឲ្យមានការប្រកួតរវាង សាលានឹងសាលា ខេត្តនិងខេត្ត ដើម្បីស្វែងរកធនធាន កីឡាករ-កីឡាការិនី តាមសាលារៀនទូទាំងប្រទេស។ ក្រៅពីបំផុសសិស្សានុសិស្សឲ្យលេងនោះ លោកគ្រូ អ្នកគ្រូ ក៏អាចចូលរួមបានដែរ។

ជាមួយនឹងការសាងសង់នេះលោកនឹងរៀបចំបណ្ដុះបណ្ដាលនូវអាជ្ញាកណ្ដាលកម្រិតជាតិ នឹងអាចឈានទៅជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ទៀតផងប្រសិនបើពួកគេធ្វើការអភិវឌ្ឍន៍ខ្លួននោះ។ ក្នុងនាមជាអាជ្ញាធរកីឡា ជាប្រធានសហព័ន្ធកីឡាប៉េតង់ លោកក៏មិនភ្លេចពីការជួយឧបត្ថម្ភជាសម្ភារៈ និងបង្កើតឲ្យមានក្រុមជម្រើសជាតិយុវជន-យុវនារី អាយុក្រោម ១៧ឆ្នាំ ដែលជាថ្នាលសម្រាប់បន្តវេន បញ្ជូនកីឡាករ និងកីឡាការិនីជម្រើសជាតិ ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសឧបត្ថម្ភនូវថវិកា សម្រាប់កីឡាករ-កីឡាការិនី ចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។

ប៊ូល និងប៉េតង់ ជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ក្នុងការដណ្តើមយកនូវមេដាយកម្រិតតំបន់ និងពិភពលោក ជាបន្តបន្ទាប់ដែលនេះជាមោទកភាព មិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។

កីឡាប៊ូល និងប៉េតង់ បានឈរលើលំដាប់ថ្នាក់ពិភពលោក គិតត្រឹមឆ្នាំ២០១៧ កម្ពុជា ទទួលបានមេដាយកម្រិតតំបន់ សរុប ២៦៨មេដាយ ( មាស៧២ ប្រាក់៩៣ និងសំរឹទ្ធ ១០៣ ) និងកម្រិត ពិភពលោក សរុប ៩មេដាយ ( មាស ៥ ប្រាក់ ១ និងសំរិទ្ធ ៣ )។ សមិទ្ធផលទាំងអស់នេះបានមកពីការចូលរួម និងការខិតខំប្រឹងប្រែងពីសំណាក់គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលបានយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់រក្សានូវវិន័យ គោរពបទបញ្ជាបច្ចេកទេស និងសិក្សាពីយុទ្ធសាស្រ្តនានា។

សហព័ន្ធបាននឹងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប៉េតង់ «ពិភពលោកយុវជន និងស្រ្តី» ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន និងការប្រកួតអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នាពេលខាងមុខ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់