ថ្នាក់ដឹកនាំកីឡា​ បង្ហើបថា​ សហព័ន្ធ ២ ឬ ៣ នឹងត្រូវរុះរើក្បាលម៉ាសុីនដឹកនាំ

នូ មករា September 21, 2019


ភ្នំពេញ៖ លោក​​ ស​ សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ក៏មានសហព័ន្ធកីឡាជាតិចំនួន ២ ឬ៣ដែរដែលត្រូវរុះរើក្បាលម៉ាស៊ីនចេញ។ សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងអប់រំយុវជន និងកីឡាបានធ្វើវិមជ្ឈការថវិកាដល់សហព័ន្ធជាតិដើម្បីរៀបចំការប្រកួត ក៏ដូចជាបណ្ដុះបណ្ដាលធនធានមនុស្ស និងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង។

យ៉ាងណាក៏ដោយ​ សហព័ន្ធជាតិមួយចំនួនបន្ទាប់ពីបានទទួលនូវថវិកានេះក៏លេចចេញជាជម្លោះផ្ទៃក្នុងពីរឿងផលប្រយោជន៍ទៅវិញ។ ការលេចចេញជាជម្លោះនេះហើយដែលធ្វើឲ្យសហព័ន្ធទាំងនោះមិនដំណើរការទៅមុខ។ បែបនេះគេហៅថា ពេលមិនទាន់មានលុយចេះស្រឡាញ់គ្នាតែពេលមានលុយចាប់ផ្ដើមដណ្ដើមប្រយោជន៍គ្នាវិញម្តង។

ទោះបានលើកឡើងបែបនេះក្តី​​ ប៉ុន្តែ លោក ស សុខា មិនបានបញ្ចេញពីឈ្មោះនៃសហព័ន្ធទាំងនោះទេ​ដោយលោកបានចំអកថា ពេលបានសេចក្ដីសុខនៅសម្ងំស្ងៀម ពេលកើតជម្លោះរុញឲ្យក្រសួងអប់រំយុវជន និងកីឡាជាអ្នកដោះស្រាយ។ លោកបន្តថា ក្នុងឋានៈជាអាណាព្យាបាលគឺត្រូវតែចូលរួមដោះស្រាយនូវបញ្ហាទាំងនេះ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់