អត្តពលិកប៉េតង់ ៣០៩នាក់ ប្រជែងគ្នាដណ្ដើមពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧

មាស សុផាណារ៉ុង September 20, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ អត្តពលិក ប្រមាណ ៣០៩នាក់ មកពីរាជធានីខេត្ត បានចូលរួមប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់កីឡាប៉េងតង់ សម្ដេចវិបុលបញ្ញា សុខ អាន លើកទី១៧ ក្នុងគោលដៅ សម្រិតសម្រាំងជ្រើសរើសកីឡាករការិនីថ្នាល ត្រៀមកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក៏ដូចជារំលឹកដល់គុណូបការៈរបស់សម្តេច ដែលជាស្ថាបនិក និងអភិវឌ្ឍកីឡាប៊ូល និងប៉េតង់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានថ្លែងក្នុងកម្មវិធីថា៖ «ក្រោមការយកចិត្តទុកដាក់ និងទស្សនៈដ៏វែងឆ្ងាយរបស់ សម្ដេចវិបុលបញ្ញា សុខ អាន បានបង្កើតអោយមានយុវជនថ្នាលអាយុក្រោម ១៧ឆ្នាំ ក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡា Sea Game ឆ្នាំ 2023។ រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅនៃ SEA GAME ឆ្នាំ២០២៣ នេះឡើយសហព័ន្ធកីឡាប៊ូល និងប៉េតង់ គឺជាកម្លាំងស្នូលក្នុងការរៀបចំផែនការរបស់ខ្លួនដោយសហការណ៍ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការសម្រេចគោលដៅ។»

លោកបន្តថា៖ «តាមរយៈការប្រកួតនេះ ជាការផ្តល់ឱកាសឲ្យអត្តពលិករបស់យើង អាចដុសខាត់នូវសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ សម្តេចក្រឡាហោម ស ខេង, ជើងឯកពិភពលោកយុវជន និងស្រ្តី ពិសេសត្រៀមការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង។»

សូមបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីលានកីឡាប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីក្រុមកីឡាករ-កីឡាការិនី ចំនួន ៣០៩នាក់ មកពី ៣៦ក្លិប និងសមាគម ក្នុងនោះកីឡាការិនី ៦០នាក់។ ចំណែកគ្រូបង្វឹក ២២នាក់ និងប្រតិភូ ៣០នាក់ សរុបទាំងអស់ ៣៦១នាក់។

ចំពោះវិញ្ញាសារប្រកួតរួមមាន វិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ (បម្រុង ១) ដោយមិនកំណត់អាយុ, វិញ្ញាសានារី ៣នាក់ ទល់ ៣នាក់ (បម្រុង១) ដោយមិនកំណត់អាយុ, វិញ្ញាសាយុវនារី ២នាក់ ទល់ ២នាក់ (អាយុក្រោម ១៨ឆ្នាំ) និងវិញ្ញាសាយុវជន៣នាក់ ទល់ ៣នាក់ (បម្រុង ១) អាយុក្រោម ១៨ឆ្នាំ។

វិញ្ញាសាពានវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង ១) អាយុ ៥៥ឆ្នាំឡើង និងវិញ្ញាសាពានសមាគម ៣នាក់ ទល់ ៣នាក់ (បុរស) សម្រាប់ក្រុមដែលពុំបានជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ តែប៉ុណ្ណោះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់