ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ប្រាក់រង្វាន់ ២០៩,៦០០,០០០រៀល ដល់កីឡា ៣ប្រភេទ

មាស សុផាណារ៉ុង September 20, 2019


 

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់រង្វាន់របស់របស់រាជរដ្ឋាភិបាលសរុបចំនួន ២០៩,៦០០,០០០រៀល ស្មើនឹងប្រមាណ ៥២,៤០០ដុល្លារ ជូនដល់អត្តពលិក និង គ្រូបង្វឹកចំនួន ៣ប្រភេទកីឡាដែលប្រឹងប្រែងប្រកួតយកកិត្តិយជូនជាតិ នៅលើឆាកអន្តរជាតិ កាលពីឆ្នាំ២០១៨ ដោយក្នុងនោះមាន កីឡាកាយវប្បកម្ម កីឡារាំ និងកីឡាបោកចំបាប់។

ប្រភេទកីឡាកាយវប្បកម្ម ទទួលបានប្រាក់រង្វាន់សរុប ៤០លានរៀន ដោយបានប្រកួតឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១១-១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន ៥១ប្រទេសចូលរួម ក្រុមកីឡាកាយវប្បកម្មកម្ពុជា ដណ្ដើមបានមេដាយមាស១ ដោយកីឡាករ សំបូរ សុភណ្ឌ។ មេដាយមាស ទទួលបានប្រាក់រង្វាន់ ២០លានរៀល។ សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក និងកីឡាករសរុប ៤០លានរៀល។

ចំពោះកីឡាចំបាប់ ទទួលបានប្រាក់រង្វាន់ សរុប ១៣៦,៦០០,០០០រៀល ដោយឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៨ ដោយដណ្ដើមបានមេដាយសរុប ១៥គ្រឿង រួមមានមេដាយមាស ៣, ប្រាក់៤ និងសំរឹទ្ធ៨។ មេដាយមាស ១គ្រឿង ទទួលបាន ៩លានរៀល, មេដាយប្រាក់ទទួលបាន ៨លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ៧លានរៀល។

រីឯ កីឡារាំ ទទួលបានប្រាក់រង្វាន់សរុប ៣៣លានរៀល ក្រោយប្រកួតឈ្នះមេដាយពីព្រឹត្តិការណ៍ប្រកួតជ្រើសរើសឯកអាស៊ី នៅចិន ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៨ ដណ្ដើមបានមេដាយសំរឹទ្ធ ១វិញ្ញាសា (រាំគូ ២នាក់)។ មេដាយសំរឹទ្ធ ១ ទទួលបានប្រាក់រង្វាន់ ១១លានរៀល ។

គួបញ្ជាក់ផងដែរថា៖ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តអត្តពលិកដណ្ដើមបានជ័យលាភីនេះ អនុវត្តតាមប្រកាសអន្ដរក្រសួង លេខ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីគោលការណ៍ចំណាយសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ និងការប្រកួតលក្ខណៈអន្ដរជាតិផ្លូវការប្រចាំឆ្នាំ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់