តេក្វាន់ដូ WT ចេញទៅត្រាំពិសនៅកូរ៉េខាងត្បូង ត្រៀមស៊ីហ្គេមចុងឆ្នាំ២០១៩

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ វេលាយប់ថ្ងៃទី១៦ ខែកញ្ញា កីឡាករតេក្វាន់ដូ WT ( World Taekwondo ) ចំនួន ៩រូប បានចេញដំណើរឆ្ពោះ ទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីហ្វឹកហាត់នៅទីនោះត្រៀមចូលរួមការប្រកួតអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ នេះ។

ក្នុងចំណោមអត្តពលិកទាំង ៩រូប នោះមានកីឡាករចំនួន ៥រូប និងកីឡាការិនី ចំនួន ៤រូប ដែលក្នុងនោះរួមមានកីឡាការិនី ស៊ន សៀវម៉ី ផងដែរ។ ជាមួយនឹងការចេញទៅហ្វឹកហាត់នេះធនាគារ PPC Bank បានផ្ដល់ថវិកាចំនួន ១០,០០០ដុល្លារ សម្រាប់ដោះស្រាយសំបុត្រយន្ដហោះ និងការចំណាយផ្សេងៗ។

លោក Shin Chang Moo ដែលជាប្រធានធនាគារ PPC Bank បានបញ្ជាក់ថា ការចេញទៅហ្វឹកហាត់នេះត្រូវតែគោរពវិន័យសម្រាកឲ្យបានច្រើន ព្រោះកីឡាបើសម្រាកមិនបានគ្រប់គ្រាន់ទេនោះវានឹងបាត់បង់កម្លាំងហាត់មិនបានគ្រប់គ្រាន់។

លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT មានប្រសាសន៍ឲ្យដឹងថា៖ «ការចេញទៅហាត់នៅកូរ៉េ នេះគឺយើងហ្វឹកហាត់ជាមួយគ្រូដែលមាន Ranking ល្អៗនៅក្នុងប្រទេសកូរ៉េមិនតែប៉ុណ្ណោះក៏មានការប្រកួតច្រើន ដែរហើយបើនៅប្រទេសកូរ៉េមានព្រឹត្តិការណ៍អ្វីនោះកម្ពុជានឹងចូលរួមប្រកួតភ្លាម។»

តាមការគ្រោងទុកកីឡាករតេក្វាន់ដូ នឹងហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ទើបត្រឡប់មកវិញ និងបន្តហាត់នៅប្រទេសខ្មែរ ១៥ថ្ងៃទៀត ទើបចេញដំណើរទៅចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន។

លោកអនុប្រធានសហព័ន្ធអះអាងថា តេក្វាន់ដូ WT មិនត្រឹមតែមានមហិច្ឆតាមេដាយស៊ីហ្គេមប៉ុណ្ណោះទេ តែត្រូវចូលរួមជម្រុះអូឡាំពិកហ្គេមសម្រាប់អូឡាំពិក តូក្យូ ឆ្នាំ២០២០ ទៀតផង។ លោកបន្តថាក្រៅពីកីឡាការិនី ស៊ន សៀវម៉ី កម្ពុជានៅមានកីឡាការិនីខ្មែរសញ្ជាតិអាមេរិក និងកីឡាករវ័យក្មេងៗដែលប្រកបដោយថាមភាពទៀតផង។

សូមបញ្ជាក់ថានេះជាលើកទី៣ ហើយដែលធនាគារ PPC Bank បានជួយឧបត្ថម្ភថវិកាដល់កីឡាករ-កីឡាការិនី ក្នុងការចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។ នេះក៏មិនមែនជាលើកចុងក្រោយដែល ដែរធនាគារនេះនឹង នៅតែបន្តគាំទ្រដល់កីឡាតេក្វាន់ដូកម្ពុជា៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់