ស សុខា សំណូមពរឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជួយរៀបចំអាហារបែបហ្វីលីពីន ដល់អត្តពលិកដែលចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទៅកីឡាករចំនួន ១២៣នាក់ កីឡាការិនីចំនួន ៣៤រូប អាជ្ញាកណ្ដាល ៤រូប មន្ត្រីដឹកនាំក្រុម ១២រូប សរុបចំនួន ២១២រូប ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) នៅប្រទេសហ្វីលីពីន ថាត្រូវគោរពពេលវេលាហ្វឹកហាត់ ហូបចុកឲ្យបានល្អ។ នេះបើយោងតាមការថ្លែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយកីឡាចំនួន ១៥ប្រភេទ ក្នុងចំណោម ៣០ប្រភេទ ដែលត្រូវចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍។

ឯកឧត្តម ស សុខា បានចាត់ទុក ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ និងលើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម ថា គឺជាការសាកល្បងសមត្ថភាពដ៏សំខាន់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោករដ្ឋលេខាធិការបានសំណូមពរឲ្យ កីឡាករ-កីឡាការិនី កុំលេងទូរស័ព្ទនៅពេលយប់ច្រើនក្នុងអម្លុងពេលទៅស៊ីហ្គេម សម្រាប់ករណីនេះគ្រូបង្វឹក មន្ត្រីដឹកនាំកីឡាករ ត្រូវតែពិនិត្យមើលរឿងនេះឲ្យមែនទែន។ លោករដ្ឋលេខាធិការក៏បានសំណូមពរឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជួយរៀបចំអាហារបែបហ្វីលីពីន ដល់កីឡាករ កីឡាការិនីកម្ពុជាដើម្បីឲ្យគេបានស្គាល់ និងស៊ាំជាមួយម្ហូបហ្វីលីពីន។ ថ្វើបែបនេះដើម្បីកុំឲ្យ កីឡាករ-កីឡាការិនីកម្ពុជា យកអាហារពីស្រុកខ្មែរទៅដូចជាត្រីងៀត ឆៃប៉ូវ និងម្ហូបផ្អាប់ដទៃទៀត ដែលមិនមានគុនប្រយោជន៍សម្រាប់កម្លាំង

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា កីឡាករ-កីឡាការិនីទាំងអស់បានហ្វឹកហាត់ និងឆ្លងកាត់ការធ្វើតេស្តសមត្ថភាព កម្លាំង និងបច្ចកទេសបានតាមការកំណត់ ហើយរាល់ការហ្វឹកហាត់ សុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អនុរក្ស ពិសេសការហូបចុក ៣ពេល ដោយម្ហូបអាហារមានកាឡូរីគ្រប់គ្រាន់ដែលផ្ដល់ដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សូមបញ្ជាក់ថា នេះជាការជួបសំណេះសំណាលជាលើកទី១ ជាមួយកីឡាតេក្វាន់ដូ WT ( World Taekwondo ), ប៉េតង់, ជីជីតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សាកល, វាយកូនបាល់, ល្បុក្កតោ ( Arnis ), បេស្បល, បាល់ទះ ( បាល់ទះលើក្ដារ និង លើខ្សាច់ ), បាល់ទាត់អាយុក្រោម២២ឆ្នាំ, បាល់បោះ ( ម្ខាង៣នាក់ និងម្ខាង៦នាក់), អត្តពលកម្ម, ហែលទឹក និងកាយសម្ព័ន្ធ។

គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជូន ៣០ប្រភេទកីឡាទៅចូលរួមស៊ីហ្គេម ចុងឆ្នាំនេះ មានដូចជា កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់៕

 

រូបភាព៖ Sar Sokha

អត្ថបទ៖ វ៉ាន្នី

មតិយោបល់