សិក្ខាសាលា «ការតាក់តែងសេចក្ដីព្រៀងច្បាប់ ការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា» រកបានគំនិតល្អៗច្រើន

មាស សុផាណារ៉ុង September 14, 2019


 

ភ្នំពេញ៖ សិក្ខាសាលាស្ដីពី «ការតាក់តែងសេចក្ដីព្រៀងច្បាប់ ការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា» រយៈពេល២ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១២ មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះជាសិក្ខាសាលាដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា។

ឯកឧត្តម ស សុខា បានចាត់ទុកថារាល់គំនិតយោបល់សំណូមពរដែលអង្គពិភាក្សាបានលើកឡើង នឹងជួយឲ្យសេចក្ដីព្រាងច្បាប់ដែលនឹងត្រូវតាក់តែងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយថែមទៀត។ រាល់អ្វីៗដែលកើតឡើងដោយការផ្ដល់គំនិតរបស់មនុស្សភាគច្រើនវានឹងកាន់តែធ្វើឲ្យល្អប្រសើរនៃអត្ថបទច្បាប់នោះបន្ថែមទៀត។ ក្នុងនាមជានីតិរដ្ឋ រាល់អត្ថបទច្បាប់នានា គឺត្រូវតែជាច្បាប់ដែលបម្រើឲ្យមនុស្សទូទៅដោយមិនគិតពីឋានានុក្រមក្នុងសង្គម។

ការកសាងច្បាប់នេះបានត្រូវបែងចែកជាក្រុមប្រមូលឯកសារច្បាប់ជាភាសាខ្មែរ ក្រុមប្រមូលឯកសារច្បាប់ជាភាសាអង់គ្លេស ក្រុមប្រមូលឯកសារច្បាប់ជាភាសាបារាំង ក្រុមគ្រប់គ្រង និងរក្សាទុកឯកសារ និងក្រុមកត់ត្រាកំណត់ហេតុ និងធ្វើរបាយការណ៍កិច្ចប្រជុំ។

តាមការគ្រោងទុកពង្រាងច្បាប់កីឡា ចែកចេញជា ៤ជំពូក រួមមានដូចជា៖

  • ជំពូកទី១ គឺការបង្កើតតួនាទី ភារកិច្ច និងសិទ្ធិ អំណាចរបស់អង្គការ និងស្ថាប័នកីឡា
  • ជំពូកទី២ គឺការគ្រប់គ្រង និងអនុវត្តន៍សកម្មភាពអប់រំកាយ និងកីឡា នៅគ្រឹះស្ថានសិក្សា
  • ជំពូកទី៣ គឺការគ្រប់គ្រងសកម្មភាពកីឡានានា
  • ជំពូកទី៤ គឺក្រមសីលធម៌ និងការដោះស្រាយ វិវាទកីឡា

សិក្ខាសាលានេះពិភាក្សាគ្នាលម្អិតទៅលើយន្តការនានាដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ការស្វែងយល់ពីច្បាប់អន្តរជាតិ នីតិវិធីនៃការតាក់តែងច្បាប់ និងបែងចែកជាក្រុមពិភាក្សាទៀតផង។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ២៦៧នាក់ ដែលមកពីក្រុមការងារ រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ចំនួន ៩២នាក់, តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចំនួន ៧៥នាក់, តំណាងសហព័ន្ធជាតិចំនួន ៨០នាក់, អង្គការបេះដូងមាស, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិក, តំណាងក្រសួងការងារ, តំណាងនាយកដ្ឋាននីតិកម្មនៃ ក្រសួងអប់រំ យុវជន និងកីឡា៕

 

រូបភាព៖ PP SEA GAMES 2023 | Sar Sokha

អត្ថបទ៖ វ៉ាន្នី

មតិយោបល់