ប្រមុខកីឡាអូឡាំពិកកម្ពុជា៖ «ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលស្ថិតក្នុងសុបិន្ដរបស់ប្រជាជនកម្ពុជា»

មាស សុផាណារ៉ុង September 14, 2019


 

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) បានថ្លែងថា SEA Games គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលស្ថិតក្នុងសុបិន្ដរបស់ប្រជាជនកម្ពុជាហើយជាឱកាសដ៏កម្រដើម្បីបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ អរិយធម៌ និងសក្ដានុពលជាតិដល់ពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងដូច្នេះក្នុងពិធីបិទវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ក៏ដូចជាការសម្ពោធកាលបរិច្ឆេទផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមចាត់ទុកថា វេទិកានេះ គឺជាការដាក់ចេញនូវយុទ្ធនាការសំខាន់ៗ ពាក់ព័ន្ធនឹងកេរ្ដិ៍ឈ្មោះកម្ពុជា ក្នុងការធ្វើម្ចាស់ផ្ទះ និងជួយកសាងកេរ្ដិ៍ឈ្មោះសង្គមជាតិឲ្យកាន់តែលេចត្រដែតលើឆាកអន្ដរជាតិ ដែលគ្រប់ភាគីត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។ ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា៖ «ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ នៅកម្ពុជាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡានោះទេ តែវាជាឱកាសដ៏កម្រមួយក្នុងការសម្ដែង និងបង្ហាញអត្តសញ្ញាណនៃវប្បធម៌ដ៏រុងរឿង ដ៏សំបូរបែប និងវ័យចំណាស់របស់បុព្វបុរសខ្មែររាប់ពាន់ឆ្នាំ ដល់ពិភពលោកទាំងមូល។ នេះក៏ជាឱកាសបង្ហាញនូវសក្ដានុពលជាតិលើគ្រប់វិស័យឲ្យពិភពលោកបានស្គាល់ និងកោតស្ញប់ស្ញែងដល់ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ធ្វើឲ្យកម្ពុជាមានសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយអាចរៀបចំព្រឹត្តិការណ៍ SEA Games ដ៏ធំបាន។»

ឯកឧត្តម ថោង ខុន ( រូបភាព៖ PP SEA GAMES 2023 ) 

វេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា និងសម្ពោធកាលបរិច្ឆេទផ្លូវការ នៃព្រឹត្តិការណ៍ SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដែលរៀបចំដោយ CAMSOC នៅថ្ងៃទី១៣ ខែកញ្ញានេះ បានដំណើរការ ១ថ្ងៃពេញ ខណៈពិធីបើកបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយមានការចូលរួមពីមន្ដ្រីក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញអន្ដរជាតិតំណាងសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនី សរុបជាង ១ពាន់នាក់។

បន្ថែមលើនេះឯកឧត្តមក៏បានគូសបញ្ជាក់អំពីទំហំការងារដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរថា ការធ្វើម្ចាស់ផ្ទះ SEA Games មិនមែនក្រសួង-ស្ថាប័ន ឬមន្ដ្រីជំនាញណាម្នាក់អាចធ្វើបាននោះទេ គឺត្រូវការគ្នាធ្វើទាំងអស់គ្នាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមទទួលភ្ញៀវអន្ដរជាតិមកលេងនៅកម្ពុជា រាប់ម៉ឺន រាប់សែននាក់ ទាំងកីឡាករ-កីឡាការិនី មន្ដ្រី ប្រតិភូ ទស្សនិកជនអន្ដរជាតិ និងទេសចរអន្ដរជាតិ ប្រកបដោយកិត្តិយសសេចក្ដីថ្លៃថ្នូរ និងត្រូវបានគេចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗ ក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់