ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កំណត់ថ្ងៃប្រកួតជាផ្លូវការ

មាស សុផាណារ៉ុង September 13, 2019


 

ភ្នំពេញ៖ វេទិកាជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងកីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (ASEAN Para Games 2023) បានធ្វើនៅថ្ងៃទី១៣ ខែកញ្ញា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានគណៈកម្មារៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ( CAMSOC ) មានប្រសាសន៍ថា សកម្មភាព វេទិកាជាតិ លើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាការសម្ភោធ នៃកាលបរិច្ចេទ និងការបើកជាសម្ភោធយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកម្មវិធីមួយត្រូវបានចាត់ទុកជាកំណត់ត្រា និងជាឯកសារសម្រាប់បញ្ជាក់នៃសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ពេលនេះទីលានធំបានកសាងហើយប្រមាណ ៥៥ភាគរយហើយ ហើយបន្ទាប់ពីនោះនឹងចាប់ផ្ដើមសិក្សាការកសាងភូមិកីឡា ឬបូរីកីឡាសម្រាប់ការស្នាក់នៅរបស់អត្តពលិកក្នុងអម្លុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍។

ជាមួយនឹងការបង្ហាញជាលើកដំបូងនៃបទចម្រៀងសម្រាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នោះក៏មានការបង្ហាញពីកីឡាប្រពៃណី កីឡាវប្បធម៌ ដែលបង្ហាញពីអត្តសញ្ញាណជាតិរបស់កម្ពុជា ក៏មានធ្វើការបង្ហាញពីកីឡាទំនើបទៀតផង។ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថានេះជាកិត្តិយសរបស់កម្ពុជា និងជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជាបន្ទាប់កម្ពុជារង់ចាំអស់រយៈពេល៥៤ឆ្នាំ គឺពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០២៣ ខាងមុខនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ មិនត្រឹមតែជាកន្លែងប្រព្រឹត្តិកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុណ្ណោះទេ តែនឹងក្លាយជាកន្លែងប្រកួតកីឡាជើងឯកនានាសម្រាប់កម្រិតតំបន់, ទ្វីប និងអូឡាំពិក បន្ថែមទៀតផង។

ជាមួយគ្នានោះកាលបរិច្ចេទនៃព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានកំណត់យកថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជាពេលវេលារៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់នេះ។

សូមបញ្ជាក់ថា វេទិកាជាតិ លើកទី១ នេះមានការសម្តែងសិល្បៈ និងការធ្វើបទបង្ហាញដោយអ្នកជំនាញស៊ីហ្គេម គឺលោក Sieh Kok Chi ដែលមានបទពិសោធន៍រៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧។ បទបង្ហាញរបស់លោក Rod Mc Garth តំណាងចលនាអូឡាំពិកអូស្ដ្រាលី ស្ដីពី Arafura Games2019។

ឯកឧត្តម ណេប សាមុត អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអនុប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ស្ដីពីយុទ្ធនាការកម្ពុជា ស្អាត និងបដិសណ្ឋារកិច្ច។

ដោយឡែកតំណាងសាលារាជធានីភ្នំពេញ បានបង្ហាញពីផែនការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណ និងផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះក៏មានការបង្ហាញពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿញៀនដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ចំពោះកីឡាការិនី ស៊ន សៀវម៉ី តំណាងកីឡាករ-កីឡាការិនី បង្ហាញពីការត្រៀមលក្ខណៈរបស់អត្តពលិក (Athlet Preparation)។

វេទិកាជាតិ លើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងសម្ភោធផ្លូវការព្រឹកនេះមានការចូលរួមពីបណ្តាល អគ្គរាជទូត និងអគ្គរដ្ឋទូតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស ចូលរួមជិត ២ពាន់នាក់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់