គ្រូបង្វឹកយូដូ ៤០ភាគរយ ទទួលបាននិទ្ទេសល្អក្រោយបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក

មាស សុផាណារ៉ុង September 12, 2019


 

ភ្នំពេញ៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាយូដូដែលបានចាប់ផ្ដើមបើកកាលពីថ្ងៃទី០២កញ្ញាមកនោះ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយមានលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាម។

វគ្គនេះត្រូវបានបង្រៀនដោយ លោក Menidja.AMAR ជនជាតិអាល់ហ្សេរី ជាគ្រូជំនាញរបស់សហព័ន្ធកីឡាយូដូអន្តរជាតិបញ្ជូនមក និងមានសិក្ខាកាមចូលរួមចំនួន ២៤នាក់ មកពីក្លឹបកីឡាយូដូបក្សីចាំក្រុង ០៧នាក់, ក្រសួងមហាផ្ទៃ ០៧នាក់, ខេមរៈសហព័ន្ធយូដូ ០២នាក់, ក្លិបអង្គរយ៉ាវ៉ារ៉ាក់ ០៥នាក់, ក្លឹបរាជសីហ៍ ០២នាក់ និងក្លិបអូឡាំពិក ០១នាក់ ដោយសិក្សាចែកចេញជា ២ផ្នែក គឺផ្នែកទ្រឹស្ដី និងផ្នែកអនុវត្តជាក់ស្តែង។

ឆ្លងកាត់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្ដី និងលើកកម្ពស់កម្រិតសមត្ថភាពបច្ចេកទេស ដូចជាការបែងចែកអាយុទៅតាមវ័យ លំហាត់ទូទៅ លំហាត់ពិសេស លំហាត់ទាក់ទងល្បែង ផែនការបង្ហាត់ប្រចាំថ្ងៃ នឹងទៅតាមរយៈពេល ការអភិវឌ្ឍលំហាត់កម្លាំងកាយ។ ឆ្លងកាត់ការសិក្សារយៈពេល ១០ថ្ងៃ កន្លងមកនេះ ក្នុងចំណោមសិក្ខាកាមចំនួន ២៤រូប មានសិក្ខាកាមទទួលនិទ្ទេសល្អ ចំនួន ១០រូបស្មើនឹង ៤០ភាគរយ និទ្ទេសល្អបង្គួរចំនួន ១០រូបស្មើនឹង ៤០ភាគរយ និងនិទ្ទេសមធ្យមចំនួន ៣រូបស្មើនឹង ២០ភាគរយ ហើយក៏មានសិក្ខាកាមដែលមាននិទ្ទេសខ្សោយចំនួន ១នាក់ផងដែរ។

បើតាមគណ:គ្រប់គ្រងវគ្គឲ្យដឹងថា បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈការបើកវគ្គសិក្សាបច្ចេកទេសជារៀងរាល់ឆ្នាំ នោះគ្រូបង្វឹក និងកីឡាករ-ការិនីទាំងអស់ កាន់តែមានការយល់ដឹង និងជំនាញលើកកម្ពស់សិទ្ធិផលប្រភេទកីឡាយូដូ របស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅទទួលបានជោគជ័យជូនប្រទេសជាតិកាន់តែប្រសើរជាងនេះទៀតជាមិនខាន៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់