ក្រសួងអប់រំ យុវជន និងកីឡា ពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីធ្វើច្បាប់កីឡា

មាស សុផាណារ៉ុង September 12, 2019


 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលារយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។

សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ២៦៧នាក់ ដែលមកពីក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ចំនួន ៩២នាក់, តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី -ខេត្ត ចំនួន ៧៥នាក់, តំណាងសហព័ន្ធជាតិចំនួន ៨០នាក់, អង្គការបេះដូងមាស, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិក, តំណាងក្រសួងការងារ និងតំណាងនាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា។

ការកសាងច្បាប់នេះបានត្រូវបែងចែកជាក្រុមប្រមូលឯកសារច្បាប់ជាភាសាខ្មែរ ក្រុមប្រមូលឯកសារច្បាប់ជាភាសាអង់គ្លេស ក្រុមប្រមូលឯកសារច្បាប់ជាភាសាបារាំង ក្រុមគ្រប់គ្រង និងរក្សាទុកឯកសារ និងក្រុមកត់ត្រាកំណត់ហេតុ និងធ្វើរបាយការណ៍កិច្ចប្រជុំ។

តាមការគ្រោងទុកពង្រាងច្បាប់កីឡាចែកចេញជា៤ជំពូក ជំពូកទី១ គឺការបង្កើតតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់អង្គការ និងស្ថាប័នកីឡា, ជំពូកទី២ គឺការគ្រប់គ្រង និងអនុវត្តន៍សកម្មភាពអប់រំកាយ និងកីឡានៅ គ្រឹះស្ថានសិក្សា, ជំពូកទី៣ គឺការគ្រប់គ្រងសកម្មភាពកីឡានានា និងជំពូកទី៤ គឺក្រមសីលធម៌ និងការដោះស្រាយវិវាទកីឡា។

សិក្ខាសាលានេះពិភាក្សាគ្នាលម្អិតទៅលើយន្តការនានាដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ ការស្វែងយល់ពីច្បាប់អន្តរជាតិ នីតិវិធីនៃការតាក់តែងច្បាប់ និងបែងចែកជាក្រុមពិភាក្សា៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់