សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត បញ្ជូនកីឡាករចូលរួមប្រកួតជើងឯកអត្តពលកម្មពិភពលោក នៅប្រទេសកាតា

មាស សុផាណារ៉ុង September 11, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត នឹងបញ្ជូនមន្ត្រីមួយរូប និងកីឡាករមួយរូប ទៅចូលរួមមហាសន្និបាតអត្តពលកម្មអន្តរជាតិ និងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មពិភពលោក លើកទី៥២ ( 52nd IAAF World Athletics Chamdpionships ) នៅទីក្រុងដូហា ប្រទេសកាតា។

ការប្រកួតដែលនឹងមានប្រទេសជាច្រើនចូលរួមនោះនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ លោក ហ៊ុន បូរី ជាអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត បានប្រាប់ឲ្យដឹងថា រូបលោកនឹងដឹកនាំកីឡាករមួយរូបចូលរួមការប្រកួត «52nd IAAF World Athletics Chamdpionships» លើកទី៥២ នៅប្រទេសកាតា ហើយរូបលោកនឹងចូលរួមមហាសន្និបាតតែម្ដង។

ចំពោះកីឡាករមួយរូបដែលនឹងត្រូវទៅចូលរួមប្រកួតនោះគឺ កីឡាករជម្រើសជាតិ ម៉ា វីរ៉ូ ប្រកួតលើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ។

លោកទទួលស្គាល់ថា៖ «សម្រាប់ប្រភេទកីឡាអត្តពលកម្មកម្ពុជា លំបាកនឹងប្រជែងយកមេដាយណាស់តែដោយសារប្រភេទអត្តពលកម្ម យើងទទួលបានការអនុគ្រោះទើបយើងត្រូវតែទៅចូលរួមក្នុងឋានៈជាប្រទេសសមាជិកសហព័ន្ធអន្តរជាតិ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងអត្តពលិកចូលរួមពី ២១៤ប្រទេស មកពីជុំវិញពិភពលោក ដែលសុទ្ធសឹងតែជាសមាជិករបស់សហព័ន្ធ និងមាន ២៥វិញ្ញាសារ៕

 

រូបភាព៖ trackandfield

អត្ថបទ៖ វ៉ាន្នី

មតិយោបល់