ជា ប៊ុនហេង ជុំវិញសូហ្វតិន្នីសកម្ពុជា ធ្វើមិនបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ចំនួន ២កាលពីចុងខែសីហាកន្លងទៅ

មាស សុផាណារ៉ុង September 3, 2019


 

ភ្នំពេញ៖ កីឡាសូហ្វតិន្នីសកម្ពុជា ធ្វើមិនបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ចំនួន ២កាលពីចុងខែសីហាកន្លងទៅ គឺពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកយុវជនអាស៊ី ( Asian Junior Soft Tennis Championship ) និងព្រឹត្តិការណ៍ប្រកួតសូហ្វតិន្នីសជើងឯកសាកលវិទ្យាល័យអាស៊ី ( Asian University Soft Tennis Championship ) ដែលព្រឹត្តិការណ៍ទាំង ២នេះធ្វើនៅប្រទេសហ្វីលីពីន។

ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រកាសទទួលស្គាល់ថាការបរាជ័យ ត្រូវតែហ៊ានទទួលស្គាល់ ហើយត្រូវចាត់ទុកថានេះជាមេរៀន។

ឯកឧត្តម ជា ប៊ុនហេង លើកឡើងយ៉ាងដូច្នេះថា៖ «ចាញ់គឺចាញ់ ឈ្នះគឺឈ្នះ។ តែនេះជាមេរៀនសម្រាប់យើងបំពេញនូវអ្វីដែលមានការខ្វះខាត។ សូហ្វតិន្នីសកម្ពុជា គឺជាប្រភេទកីឡាដែលមានសក្ដានុពលដោយធ្លាប់ប្រជែងបានមេដាយកម្រិតពិភពលោក កម្រិតអាស៊ី និងក្នុងតំបន់។ កីឡាករកម្ពុជាលេងល្អ តែនៅខ្វះបទពិសោធន៍ក្នុងការលេងជាលក្ខណៈអន្តរជាតិ។ អ្នកខ្លះនៅថ្មី ពុំធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសអញ្ចឹងហើយទើបការចេញទៅប្រកួតជាលើកដំបូងរបស់គេធ្វើឲ្យគេភ័យ រហូតលេងដោយខ្វះការទទួលខុសត្រូវ»។

លោកបញ្ជាក់បន្ថែមថា៖ «យើងមិនអាចអោបក្រសោបតែ កីឡាករ-កីឡាការិនីចាស់ៗ ដោយមិនគិតពីក្មេងៗដែលជាថ្នាលបន្តវេននោះឡើយ។ អ្វីៗត្រូវតែមានការចាប់ផ្ដើមទោះបីការចាប់ផ្ដើមនោះមានលទ្ធផលយ៉ាងណាក៏ដោយ បើមិនឆ្លងកាត់កាំទី១ទេ យើងក៏មិនអាចឆ្លងទៅកាំទី២ ទី៣ ទី៤បានដែរ»។

ប្រមុខរងកីឡាសូហ្វតិន្នីសរូបនេះបញ្ជាក់ថា គោលដៅធំរបស់លោកគឺកីឡាស៊ីហ្គេម នាចុងឆ្នាំនេះ ដែលលោកត្រូវតែមានមហិច្ឆតាររកមេដាយឲ្យបាន។ លោកមានជំនឿចិត្តចំពោះព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣០ ដែលធ្វើនៅប្រទេសហ្វីលីពីន។ លោកអះអាងថាទោះបីនេះជាលើកទី១ ដែលសូហ្វតិន្នីសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក៏ពិតមែនតែសូហ្វតិន្នីស នឹងចេញទៅទាំងក្ដីសង្ឃឹម៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់