ប្រមុខកីឡាកងទ័ពអំពាវនាវឲ្យកីឡាករ-កីឡាការិនីបង្កើនការហ្វឹតហាត់ត្រៀមការប្រកួតកីឡា SEA Games នៅហ្វីលីពីន

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំងអស់មេត្តាយកចិត្តទុកដាក់បង្ហាត់ និងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមចូលរួមការប្រកួតនានា និងត្រៀមខ្លួនចូលរួមកីឡាស៊ីហ្គេម «SEA Games» នៅចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

សូមបញ្ជាក់ថាកីឡាករ កីឡាការិនីល្អៗ ខ្លាំងៗជាកីឡាករ កីឡាការិនីរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ចំណុះក្រសួងការពារជាតិ ពិសេសកីឡាប៉េតង់ ដែលមានកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាករ សុខ ចាន់មាន ដែលសុទ្ធតែជាម្ចាស់មេដាយមាសប៉េតង់ពិភពលោក។ ក្រៅពីនេះក៏មានកីឡាករបាល់ទាត់ បាល់ទះ វាយកូនបាល់ ការាតេដូ និងប្រភេទកីឡាជាច្រើនទៀត។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យចំនួនទ័ពប្រចាំ ខែសីហា ដោយមានវត្ដមានចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ មន្ត្រីបច្ចេកទេសកីឡាករ កីឡាការិនីទាំងក្នុងក្របខណ្ឌ និងក្រៅក្របខណ្ឌចំណុះក្រសួងការពារជាតិ  ឯកឧត្តមសេនីយ៍ឯក បញ្ជាក់ថា៖ «កីឡាស៊ីហ្គេម ( SEA Games ) នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដូច្នេះគ្រូបង្វឹកកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិគ្រប់ប្រភេទទាំងអស់ចំណុះក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងដណ្តើមមេដាយជូនប្រទេសជាតិ និងជាពិសេសក្នុងការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។»

ក្នុងឋានៈជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ផងនោះឯកឧត្តម តែម ម៉ឺន ថាកីឡាក្រសួងការពារជាតិ គឺជាកោសិកាមួយដែលតែងតែចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឋានៈជាកីឡាជម្រើសជាតិ៕

 

រូបភាព៖ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់