កីឡាតេក្វាន់ដូអាយធីអេហ្វ កម្ពុជា ត្រលប់មកមាតុប្រទេសវិញ ជាមួយមេដាយ ៥គ្រឿង

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ( International Taekwondo Federation ) របស់កម្ពុជា ដែលបានទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារីបានត្រឡប់មកវិញហើយនៅល្ងាចថ្ងៃទី១ ខែកញ្ញា ម្សិលមិញ ដោយឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅទទួល និងស្វាគមន៍ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង។

ជាមួយនឹងការត្រឡប់មកវិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរឿបចំក្បួនរថយន្ដដង្ហែរជាកិត្តិយសដល់កីឡាករម្ចាស់មេដាយមាស ប៉ាល់ ជីវ័ន្ដ និងប្រតិភូពីចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះកាត់តាម មហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយមានការទទួលអបអរពីសំណាក់ជនរួមជាតិ ហើយក្បួនដង្ហែរនេះ បានបញ្ចប់នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ ចំពោះប្រតិភូកីឡាតេក្វាន់ដូ អាយធីអេហ្វ។

ថ្លែងក្រោយមកដល់មាតុប្រទេស ឯកឧត្តម កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចាត់ទុកថានេះជាជោគជ័យមួយដែលពុំធ្លាប់មានពីមុនមក។

សម្រាប់ដែលកម្ពុជារកបាន រួមមានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ២គ្រឿង។ កីឡាករ ប៉ាល់ ជីវ័ន្ដ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាមេគុនកម្រិតខ្សែក្រវាត់ខ្មៅ ៥ដាន់។

កីឡាករវ័យក្មេង បួន ចាន់ថារ៉ាត់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គីឡូក្រាម។ មេដាយប្រាក់មួយគ្រឿងទៀតបានមកពីការសំដែងពិសេសជាក្រុម ៦នាក់ ដែលមានកីឡាករ ប៉ាល់ ជីវ័ន្ដ, តាំង សៀសុង, ស៊ុំ គង់ហេង, យឿន ប៊ុនលាង, យឿន ប៊ុនឡុង និងនេត ហាក់លី។

ចំពោះមេដាយសំរិទ្ធ ២គ្រឿងវិញនោះ ១គ្រឿងបានមកពីការសំដែងមេគុនជាក្រុម ៤រូប ដែលមានកីឡាករ ម៉េត សុខមាន, សុភ័ក្ត្រ ច័ន្ទឧត្តម, បួន ចាន់ថារ៉ាត់ និងរឿង វណ្ណៈ។ មេដាយសំរិទ្ធមួយគ្រឿង ទៀតបានមកពីវិញ្ញាសាវាយបំបែកក្ដារសម្រាប់ក្រុមប្រភេទអាយុពី ៤០ទៅ៤៩ឆ្នាំ។

សូមបញ្ជាក់ថា ការប្រកួតនេះមាន ៧៤ប្រទេសចូលរួមដែលមាន កីឡាករ-កីឡាការិនី សរុប ១,៤១២រូប ចូលរួមហើយការប្រកួតមានចំនួន ១០០វិញ្ញាសា ខណៈកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ចូលរួមប្រកួតចំនួន ២៣រូប ទាំងប្រតិភូ ដែលក្នុងនោះមានកីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាល។ នេះជាការប្រកួតជើងឯកពិភពលោក សម្រាប់ថ្នាលលើកទី១៤ និងសម្រាប់កីឡាជម្រើសជាតិលើកទី២១៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់