ប៉េតង់កម្ពុជា បង្កើនការហ្វឹកហាត់ខណៈដែលការប្រកួតជើងឯកពិភពលោក កាន់តែកៀក

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ ការប្រកួតជើងឯកពិភពលោកប្រភេទកីឡាប៉េតង់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះកាន់តែរំកិលមកកៀក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀបចំឡើងសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីសហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភពលោក។

ក្រុមកីឡាករ-កីឡាការិនី ប៉េតង់ ១៦នាក់ របស់សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា បានបង្កើនការហ្វឹកហាត់ជារាល់ថ្ងៃដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី នេះ។

លោក សុខ ម៉ុង ជាគ្រូបង្វឹកក្រុមនារីបានប្រាប់ឲ្យដឹងថាសម្រាប់ប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតតាមគោលការណ៍សហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភពលោក ម្ចាស់ផ្ទះអនុញ្ញាតឲ្យមាន ២ក្រុមចំពោះក្រុមភ្ញៀវឲ្យតែមួយក្រុមប៉ុណ្ណោះ។

ក្រុមទី១របស់កម្ពុជារួមមានកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា ចំណែកក្រុមទី២ មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ហើយគ្រូបង្វឹមាន ៣រូប គឺលោក សុខ ម៉ុង លោក អ៊ឹម ផាត និងអ្នកគ្រូ អ៊ុក លក្ខិណា។

លោក អ៊ុក យ៉ារី ជាគ្រូបង្វឹកក្រុមយុវជនបានប្រាប់ឲ្យដឹងថា យុវជនក៏មាន ២ក្រុមដែរ គឺកីឡករ ឃួន លីហ៊ កីឡករ កុយ សុភក្រ្តា កីឡករ ភាព វ៉ាឃីម និងកីឡករ គង់ កែវសុខាន់ ដោយឡែកក្រុមទី២ មានកីឡករ ទីវ រដ្ឋា កីឡករ ពុធ យ៉ុនច័ន្ទដារ៉ា កីឡករ វ៉ាន់ ភារុណ និងកីឡករ ហេង ស៊ីណា ហើយគ្រូបង្វឹមាន៣នាក់ លោក អ៊ុក យ៉ារី លោកគ្រូ ជ័រ គីមឈុន និងអ្នកគ្រូ អ៊ុក ច័ន្ទថុល។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា៖ «កម្ពុជាយើងមានវាសនាណាស់ដែលបានលោក ក្លូដ អាហ្ស៊ីម៉ា (Clade Azema) ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានចូលខ្លួនមកពាក់ព័ន្ធដោយផ្ទាល់តែម្ដង។ លោក ក្លូដ អាហ្ស៊ីម៉ា បានមកកម្ពុជាដល់ទៅ ៣លើក ដើម្បីបង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសរបស់កម្ពុជា និងគ្រូបង្វឹករបស់កម្ពុជាឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន។» លោកមានជំនឿចិត្តថាកម្ពុជា នឹង បំពេញតួនាទីជាម្ចាស់ផ្ទះបានល្អជាមិនខានឡើយ៕

 

រូបភាព៖ PP SEA Games 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់