គ្រូបង្វឹកបាល់ទះកម្ពុជា ចំនួន ៣០រូប ទទួលបានការបណ្ដុះបណ្ដាលពីគ្រូមកពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ

មាស សុផាណារ៉ុង August 28, 2019


 

ភ្នំពេញ៖ ដោយមានការជ្រោមជ្រែងពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ វគ្គគ្រូបង្វឹកបាល់ទះមួយបានបើកឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា។

លោក បឹង កឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថាវគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣០រូប ដែលមកពី ១២ រាជធានី-ខេត្ត និងក្លិប។ វគ្គនេះត្រូវបានបង្ហាត់បង្ហាញដោយគ្រូជនជាតិបង់ក្លាដេស គឺលោក Shameen .Al.Mamum ដែលមកពីសហព័ន្ធកីឡាបាល់បោះអន្តរជាតិ។

លោក Shameen .Al.Mamum បានថ្លែងក្នុងពេលបើកវគ្គថាដោយសារលោកជាគ្រូកម្រិតអន្តរជាតិលោក ទាមទារឲ្យវគ្គសិក្សានេះមានអ្នកបកប្រែដើម្បីឲ្យការផ្ទេរចំណេះដឹងពីលោកទៅសិក្ខាកាមមានលក្ខណៈងាយស្រួល ពិសេសសិក្ខាកាម នឹងងាយចាប់បានទៀតផង។ «សិក្ខាកាមទាំងអស់ត្រូវតែខិតខំក្រេបយកចំណេះដឹងពីលោកឲ្យខានតែបានដើម្បីយកទៅបង្រៀនបន្តដល់អ្នកជំនាន់ក្រោយឲ្យបានល្អជៀសវាងនូវភាពមិនច្បាស់លាស់ ។ហេតុនេះសិក្ខាកាមទាំងអស់ត្រូវតែព្យាយាម ឲ្យបានជោគជ័យទាំងអស់គ្នា។» លោក Shameen .Al.Mamum បានបន្ត។

សូមបញ្ជាក់ថាវគ្គនេះសិក្សាលម្អិតទៅលើការដឹកនាំប្រកួត តួនាទីរបស់គ្រូមុនពេលហ្វឹកហាត់ ពេលហាត់ និងបញ្ចប់ការហ្វឹកហាត់។ សិក្សាពីមូលដ្ឋានបឋមនៃកីឡាបាល់ទះ កលល្បិចនៃការលេង ការការពារ ការធ្វើតេស្តពីសមត្ថភាព ការអនុវត្តន៍វិធីដឹកនាំលេងលើទីលានតូច ( Mini-Volleyball ) ជាដើម។

លោកអគ្គលេខាធិការ បឹង គឹមតោ អះអាងថានេះជាវគ្គទី៦ ហើយដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានទទួល សម្រាប់វគ្គនេះដែលសិក្សារយៈពេល ៥ថ្ងៃនោះលោកមានជំនឿចិត្តថាសិក្ខាកាមហ៊ានសាកសួរគ្រូនូវរាល់ ចម្ងល់នានាដើម្បីឲ្យខ្លួនបានក្លាយជាគ្រូបង្វឹកប្រកបដោយគុណភាព៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់