ទ្រីយ៉ាត្លុងកម្ពុជា ទទួលបានឯកសណ្ឋានសម្រាប់ប្រកួតពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី

មាស សុផាណារ៉ុង August 27, 2019


 

ភ្នំពេញ៖ ថ្មីៗកន្លងមកនេះសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ( Triathlon ) ទើបតែបានទទួលឯកសណ្ឋានចំនួន ១៦សម្រាប់ ពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងប្រចាំទ្វីបអាស៊ី ដល់កីឡាករ-កីឡាការិនី ចំនួន ១៦រូបដើម្បីទុកប្រើប្រាស់ការប្រកួតផ្លូវការ។

លោក ងិន សុខបញ្ញា ដែលជាអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា៖ «ឯកសណ្ឋានទាំង ១៦សម្រាប់នេះ គឺជាឯកសណ្ឋានសម្រាប់ប្រកួតសុទ្ធសាធហើយមានតម្លៃថ្លៃណាស់ គឺមួយសម្រាប់ជាង ២០០ដុល្លារអាមេរិក ហើយ ១៦សម្រាប់បែបនេះក៏មិនតិចដែរ។ ឯកសណ្ឋានទាំង ១៦សម្រាប់នេះគឺ ៨សម្រាប់ជាអំណោយសម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម លើកទី៣០ ) នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ និង ៨សម្រាប់ទៀត ផ្ដល់ជូនដល់កីឡាករ-កីឡាការិនីថ្នាល សម្រាប់ការចូលរួមប្រកួតក្នុងក្របខ័ណ្ឌយុវជននានា»។

លោកអគ្គលេខាធិការបានបញ្ជាក់អះអាងថា នេះជាលើកដំបូងហើយដែលសហព័ន្ធអាស៊ី ផ្ដល់ជូននូវឯកសណ្ឋានប្រកួតនេះដល់កម្ពុជា ហើយក៏ជាលើកដំបូងផងដែរ ដែលកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា មានឯកសណ្ឋានស្ដង់ដារដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ទ្រីយ៉ាត្លុង គឺជាកីឡាមួយប្រភេទដែលដាក់កីឡា ៣ប្រភេទបញ្ចូលគ្នា គឺរួមមាន កីឡាហែលទឹក, ជិះកង់ និងរត់។ សម្រាប់ស្ដង់ដាប្រកួតកីឡានេះចាប់ផ្ដើមដោយការហែលទឹកចម្ងាយ ១,៥០គីឡូម៉ែត្រ បន្ទាប់ពីបញ្ចប់ការហែលទឹកភ្លាមៗនោះកីឡាករ ឬកីឡាការិនី ដដែលត្រូវបន្តជិះកង់ប្រណាំងចម្ងាយផ្លូវ ៤០គីឡូម៉ែត្រប ន្ថែមទៀត។ ក្រោយពីបញ្ចប់ការប្រណាំងកង់ភ្លាមៗ កីឡាករ ឬកីឡាការិនី ដដែលនោះត្រូវបញ្ចប់ដោយការរត់ចម្ងាយ ១០គីឡូម៉ែត្រ៕

 

រូបភាព៖ Triathlon Association of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់