ឯកឧត្តម កែវ រ៉េមី បានក្លាយជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក

មាស សុផាណារ៉ុង August 26, 2019


 

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ( International Taekwondo Federation ) កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះបានក្លាយជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ចំពេលព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកកម្រិតពិភពលោក ដែលកំពុងតែធ្វើនៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី។

លោក កៅ មករា អគ្គលេខាធិការរងនៃប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម កែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ហើយបន្ទាប់ពីគណៈកម្មការប្រតិបត្តិបោះឆ្នោតជ្រើសរើសលោក។ ចំណែក លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រឡងជាប់ខ្សែក្រវាត់ខ្មៅ៧ដាន់។

ការប្រកួតខាងលើនេះប្រព្រឹត្តការប្រកួតជាផ្លូវការនាថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ចំណែកកម្ពុជានឹងបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក និងគ្រូបង្វឹកជំនួយថ្នាល ព្រមទាំងក្រុមជម្រើសជាតិ និងមន្ត្រីព័ត៌មានចំនួន ២៣នាក់ ក្នុងនោះលោក កែវ រ៉េមី ជាប្រធានគណៈប្រតិភូ លោកផាន់ វណ្ណរ័ត្ន ជាអនុប្រធាន និងគ្រូបង្វឹក គ្រូបង្វឹកជំនួយ ចំនួន ៣នាក់ ព្រមទាំងកីឡាករ-កីឡាការិនី ១៧នាក់។

ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកកម្រិតពិភពលោក សម្រាប់កីឡាករ-កីឡាការិនី ថ្នាលលើកទី១៤ ចំណែកកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិលើកទី២១ ក្នុងនោះមានកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិចំនួន ៩នាក់ និងកីឡាករ-កីឡាការិនីថ្នាល ៨នាក់៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់