អគ្គលេខាធិការ CAMSOC ឱ្យសហព័ន្ធជាតិផ្ដោតលើចំណុចសំខាន់ ២ ក្នុងសិក្ខាសាលាជាមួយសហព័ន្ធកីឡាជាតិ

មាស សុផាណារ៉ុង August 26, 2019


 

ភ្នំពេញ៖ ដើម្បីសម្រួលដល់សហព័ន្ធកីឡាដែលស្ថិតនៅក្នុងផែនការមេស៊ីហ្គេមទាំងអស់ ដែលស្នើសុំថវិកា សម្រាប់ចេញទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេស ពីគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC ) មានលក្ខណៈស្រួយ នោះ CAMSOC បានរៀបចំសិក្ខាសាលាមួយស្ដីពី ការផ្សព្វផ្សាយនីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុ ពេញមួយព្រឹកថ្ងៃទី២៤ ខែសីហា ដល់សហព័ន្ធកីឡាជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «សិក្ខាសាលាស្ដីពីនីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុ នេះយើងផ្ដោសំខាន់ទៅលើ ២ចំណុចសំខាន់ៗ គឺទី១ ផ្ដល់ថវិកាសម្រាប់ការហ្វឹកហាត់ និងបណ្ដុះបណ្ដាលនៅក្រៅប្រទេស សម្រាប់រយៈពេលខ្លី- មធ្យម- វែង។ ទី២ ផ្ដល់ថវិកាសម្រាប់ការប្រកួតជើងឯក Championship និង ប្រកួតជម្រុះអូឡាំពិកប្រកួតឡើង Ranking ជាផ្លូវការរបស់ Ifs ជាលក្ខណៈអន្តរជាតិ និង ក្រៅប្រទេស។»

លោកបន្តថា៖ «ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺយើងនៅសល់ពេលប្រហែល ៣ឆ្នាំកន្លះទៀត ឬនៅសល់ ១៣០០ថ្ងៃ ហើយបើគិតទៅតាមនិយាមនៃទ្រឹស្តី កីឡា សម្រាប់ការអភិវឌ្ឍបច្ចេកទេសគឺមានរយៈពេលខើចបន្តិច ពីព្រោះថា ការកសាងអត្តពលិកម្នាក់ឲ្យក្លាយ ជាជើងឯក ត្រូវការចំណាយពេលពី៥ទៅ១០ឆ្នាំទើបអាចទទួលបាននូវផលដល់កម្រិតកំពូលមួយ។ ប៉ុន្តែសហព័ន្ធកីឡាមួយចំនួនមានផែនការអភិវឌ្ឍរបស់ខ្លួនយូរឆ្នាំហើយពោលគឺ ៨-៩ ឆ្នាំមុន បន្ទាប់មកកម្ពុជាបានប្រកាស ការទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាំងពីឆ្នាំ២០១៦ មកម្លេះ។ប៉ុន្តែការរីកចម្រើនរបស់ប្រភេទ កីឡាកម្ពុជាមិនដូចគ្នាទេ ដោយសហព័ន្ធកីឡាខ្លះលូតលឿនទៅមុខ សហព័ន្ធខ្លះនៅឆ្ងាយ ហើយសហព័ន្ធ ខ្លះទៀត ស្ថិតនៅកណ្តាលនៃការអភិវឌ្ឍរបស់ខ្លួន។»

ជាមួយគ្នានេះដែរ លោក ប៉ូ រតនា អគ្គលេខាធិការរង និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ CAMSOC ក៍បាន ពន្យល់ពីការធ្វើការស្នើសុំថវិកា ក្នុងបែបបទរដ្ឋបាល របស់ CAMSOC ដល់មន្ត្រីសហព័ន្ធកីឡាជាតិនានា ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីបានស្វែង យល់អំពីនីតិវិធី បែបបទ របាយការណ៍ក្នុងការស្នើសុំ ដើម្បីឲ្យស្របតាមគោលការណ៍ និងការណែនាំប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមជាមួយនឹងការធានាឲ្យបានដល់គោលការណ៍ចីរភាព តម្លាភាព គណនីភាព សុចរិតភាព និងស័ក្តិសិទ្ធភាព ដែលមានចែងជាធរមាន ក្នុង “ផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់