អ្នករចនា «Logo» និង «Mascot» Sea Games 2023 ល្អជាងគេនឹងតែងតាំងជាទូតសុច្ឆន្ទៈ

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា នេះគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ( CAMSOC ) បានប្រកាសផ្លូវការបើកការប្រកួតប្រជែងការប្រឡងប្រណាំងជ្រើសរើស គំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ស្អាតល្អជាងគេ និងត្រូវតាមល័ក្ខខ័ណ្ឌ របស់ CAMSOC នឹងទទួលបានប្រាក់រង្វាន់រាប់ពាន់ដុល្លារ ហើយត្រូវតែងតាំងជាទូតសុច្ឆន្ទៈប្រចាំព្រឹតិ្តការណ៍នេះទៀតផង។

ការប្រកួតប្រជែង បានចាប់ផ្ដើមដំណើរការពីថ្ងៃប្រកាសសន្និសិទការសែតនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា៖ «នេះគឺជាការប្រកួតប្រជែងដោយបើកទូលាយ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ឆ្នាំឡើង មានឱកាសបង្ហាញសមត្ថភាព និងស្នាដៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ។»

ឯកឧត្តមបានពន្យល់ថា ការរចនា Logo គឺជានិយាយអំពីនិមិត្តសញ្ញាមួយពាក់ព័ន្ធនឹងវប្បធម៌ជីវភាពរស់នៅ និងទំនៀមទម្លាប់របស់ខ្មែរ ហើយស្លាកសញ្ញា logo នេះត្រូវតែបង្ហាញពីអរិយធម៌របស់ខ្មែរ។ ឯរូបនិមិត្តរូប Mascot ត្រូវបានសម្រេចយករូប «សុភាទន្សាយ» ជាសត្វតំណាង តែត្រូវប្រាកដជាសត្វទន្សាយ ដែលមានចរិតលក្ខណៈបែបខ្មែរ និងក្នុងរឿងព្រេងខ្មែរជាដើម។ ការប្រើរូបសត្វទន្សាយ ជាសត្វតំណាងស៊ីហ្គេមផងដែរ។

ឯកឧត្តមបន្តថា៖ «ដោយគោរពតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើយ៉ាងណាឲ្យស៊ីហ្គេម នៅកម្ពុជាមានយុត្តិធម៌ ថ្លៃថ្នូរ និងកិត្តិយសក៏ដូចជាការជំរុញរបស់ថ្នាក់ដឹកនាំ CAMSOC ទើបកម្ពុជាសម្រេចប្រើរូបសត្វទន្សាយ ដែលជាសត្វតំណាងឲ្យតួអង្គយុត្តិធម៌ សភាវៈល្អ និងត្រឹមត្រូវ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។»

គួបញ្ជាក់ផងដែរថា អ្នកទទួលបានជ័យលាភី ដែលត្រូវបានជ្រើសរើសដោយ CAMSOC យើងនឹងផ្ដល់មហាកិត្តិយស ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រថា គាត់គឺជាអ្នកគូរ Logo ឬ Mascot ( SEA Games-2023 ) ហើយគាត់ក្លាយទៅជាទូតសុច្ឆន្ទៈមួយរបស់ស៊ីហ្គេម នាឆ្នាំ២០២៣ និងក្លាយជាភ្ញៀវពិសេស ត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំ នៅតាមសាលាផ្សេងៗ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់