អត្តពលិករាំ ១៦រូប ចេញទៅប្រកួត «Singapore Superstar Championship» នៅសិង្ហបុរី

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ សហព័ន្ធកីឡារាំកម្ពុជា បានធ្វើការបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ១៦រូប ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ «Singapore Superstar Championship 2019» នៅប្រទេសសិង្ហបុរី ដែលត្រូវចាប់ផ្ដើមដំណើរការប្រកួត ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែសីហា នេះ។

បើតាមអគ្គលេខាធិការសហព័ន្ធកីឡាមួយនេះ លោកស្រី ហង់ ស៊ីមន បានឱ្យដឹងថា៖ «កីឡាករការិនីទាំង ១៦រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមប្រកួតនោះ គឺសុទ្ធសឹងតែជាកីឡាករ កីឡាការិនីជម្រើសជាតិ កំពុងយកចិត្តទុកដាក់ហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ ទាំងអស់។»

លោកស្រីបន្តថា ពានរង្វាន់អន្ដរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡារាំសិង្ហបុរីខាងលើ បានអញ្ជើញបណ្ដាប្រទេសក្នុងតំបន់ចូលរួម ក្នុងនោះក៏មានប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះដែរ។ ហេតុនេះលោកស្រីបានចាត់ទុកនេះ គឺជាឱកាសល្អ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពជាមួយកីឡាករ-កីឡាការិនីក្នុងតំបន់ មុនឈានទៅរកការប្រកួតផ្លូវការ និងប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

គួបញ្ជាក់ផងដែរថា អត្តពលិកទាំង ១៦រូបនោះ នឹងត្រលប់មកពីព្រឹត្តិការណ៍ Singapore Superstar Championship 2019 វិញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕

 

រូបភាព៖ Cambodia DanceSport Federation

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់