អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រេចការជួសជុលបានប្រមាណ ៨៥ភាគរយ

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃនៃការចាប់ផ្តើមជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក គិតមកដល់ពេលនេះ អាងហែលទឹក និងអាងលោត សម្រេចបានប្រមាណជា ៨៥ភាគរយហើយ។

លោក ហែម គិរី បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដ្ឋានគ្រោងនឹងបញ្ចប់ការជួសជុលជាផ្លូវនាចុងខែតុលា ដើមខែវិច្ចិកា ឆ្នាំ២០១៩ តាមពិតយើងគ្រោងបញ្ចប់ចុងខែកញ្ញាទេដោយសារតែយើងត្រូវការផ្លាស់ប្តូរបច្ចេកទេសមួយចំនួនទើបបញ្ចប់ដើមខែវិច្ចិកាវិញ។»

ជាមួយគ្នាផងដែរ ឈ្នាន់សម្រាប់លោតទឹកត្រូវធ្វើថ្មីឡើងវិញទាំងអស់តាមស្តង់ដារអន្តរជាតិ។ ការជួសជុលថ្មីនេះចំណាយថវិកាអស់ជាង ២លានដុល្លារសហរដ្ឋអាមេរិក។ លោកអគ្គលេខាធិការូបនេះបន្ថែម។

សូមបញ្ជាក់ថា ការជួសជុល និងសាងសង់អាងហែលទឹកនេះបានចាប់ដំណើរការជួសជុល និងសាងសង់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយការជួសជុល អាងទឹកនេះ នឹងដាក់ឲ្យដំណើរការឡើងវិញ សម្រាប់ឲ្យកីឡាករ-កីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់