កីឡាករហែលទឹកវ័យក្មេងកម្ពុជា បំបែកកំណត់ត្រាចាស់ក្នុងការប្រកួតជើងឯកពិភពលោកយុវជន នៅហុងគ្រី

មាស សុផាណារ៉ុង August 22, 2019


 

ហុងគ្រី៖ កីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រាខ្លួនឯង ព្រមទាំងកំណត់ត្រាចាស់ថ្នាក់ជាតិរបស់កីឡាករហែលទឹកកម្ពុជាដោយបង្កើតនូវកំណត់ត្រាថ្មី គឺ ១នាទី០៩វិនាទី០៨ ពីព្រឹត្តិការណ៍នៃប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី៧ «FINA World Junior Swimming Championships 2019» នៅទីក្រុង Budapest ប្រទេសហុងគ្រី។

លោក ហែម លំផាត ជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងពីប្រទេសហុងគ្រី ថាកីឡាករហែលទឹកកម្ពុជា អ៊ូង លីហេង បានបំបែកកំណត់ត្រាខ្លួនឯង ប្រកួតលើវិញ្ញាសារបៀបហែលកង្កែប ១០០ម៉ែត្រ ដោយបង្កើតបានកំណត់ត្រាថ្មីគឺ ១នាទី០៩វិនាទី០៨ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងស៊េរីទៀតផង ប៉ុន្តែពុំគ្រប់គ្រាន់ទៅកាន់ការប្រកួតក្នុងវគ្គ ១៦នាក់ចុងក្រោយ ដោយសរុបជារួម លីហេង ឈរនៅលេខរៀងទី៦០ ក្នុងចំណោមកីឡាករ ៧៩នាក់។

លោកបានបន្តថា កំណត់ត្រាចាស់របស់កីឡាករហែលទឹកវ័យក្មេងរូបនេះគឺ ១នាទី១០វិនាទី៧០ និងបំបែកកំណត់ត្រារបស់អតីតកីឡាករជម្រើសជាតិ ហែម ថុនពន្លឺ ដែលធ្វើក្នុងថិរវេលា ១នាទី១០វិនាទី០៣ លទ្ធផលនេះជាការខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់របស់កីឡាករ-កីឡាការិនីហែលទឹកគ្រប់ៗរូប៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់