សហព័ន្ធខ្មែរកីឡាហាប់គីដូ បង្ហាញមហិច្ឆតាចង់រៀបចំប្រកួតព្រឹត្តិការណ៍ធំមួយ នៅកម្ពុជា

មាស សុផាណារ៉ុង August 21, 2019


 

ភ្នំពេញ៖ ក្នុងគោលបំណងបង្កើតអោយមានព្រឹត្តិការណ៍ធំមួយ នាពេលខាងមុខនោះ សហព័ន្ធកីឡាហាប់ខ្មែរកីឡាហាប់គីដូ បានព្យាយាមបណ្ដុះបណ្ដាលថ្នាល និងយុវជនជាច្រើន ដើម្បីជាស្ពានមួយក្នុងការជួយពង្រីកក្បាច់គុនមួយនេះឱ្យកាន់តែរីកចម្រើន មុនការរៀបចំការប្រកួតធំចាប់ផ្ដើម ជាពិសេសគឺការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ ឆ្នាំ២០២៣។

លោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងថា៖ «កីឡាធ្វើសកម្មភាពដំណើរការទៅបាន ដោយសារការរួបរួមគ្នាស្ម័គ្រចិត្ត និងលះបង់ បន្ទាប់មកទើបទទួលបានជាលទ្ធផលល្អ។ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ យើងក៏មានឱកាសអាចដាក់កីឡាហាប់គីដូ ចូលប្រកួតបានដែរ បើសិនយើងជាម្ចាស់ផ្ទះ មានសកម្មភាពភាពខ្លាំង នៅក្នុងតំបន់អាស៊ាន ហើយមានប្រទេសចូលរួមគាំទ្រចាប់ពី ៤ ឡើងទៅនោះ។»

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យដឹងថា៖ «សមាគមកីឡាហាប់គីដូសាធារណរដ្ឋកូរ៉េ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៃដំណើរវិវត្តន៍របស់កីឡាហាប់គីដូនៅកម្ពុជា ហើយពួកគេក៏បានបង្ហើបពីគម្រោងជួយបន្ថែមលើចំណុចខ្វះខាតរបស់ហាប់គីដូកម្ពុជាផងដែរ បើសិនកម្ពុជា រក្សាឆន្ទៈខំប្រឹង និងការអភិវឌ្ឍបន្ដទៀត។»

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែសីហា កន្លងទៅនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំការប្រកួតប្រជែងលើវិញ្ញាសា «ស្នៀតកាច់ការពារខ្លួន» ជាលើកដំបូង នៅអង្គភាពកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអត្តពលិក ឈានទៅរកការប្រកួតលើវិញ្ញាសាចម្រុះដែលធំជាងនេះ ឬជើងឯកប្រចាំឆ្នាំតែម្តង។

កម្មវិធីនេះ ជាទស្សនៈ និងគោលបំណង ដើម្បីពង្រឹងសមត្ថភាពអត្តពលិកឆ្ពោះទៅរកការប្រកួតធំប្រចាំឆ្នាំ ដូចប្រភេទកីឡាដទៃ ហើយនេះជាគំនិតផ្តួចផ្តើមរបស់ ប្រធានសហព័ន្ធ ក៏ដូចលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកប្រតិបត្តិ និងទីប្រឹក្សាសហព័ន្ធកីឡាខ្មែរហាប់គីដូ ជួយគាំទ្រផងដែ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ- Cambodian Hapkido Federation

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់