កម្ពុជា បញ្ជូន ៣០ប្រភេទកីឡាចូលរួមប្រជែងយកមេដាយស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩

មាស សុផាណារ៉ុង August 20, 2019


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ម្ស៊ិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសពីសមាសភាពតាមប្រភេទកីឡាដែលកម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ចំនួន ៣០ប្រភេទ ដែលត្រូវប្រកួតលើ ១៧៦វិញ្ញាសា ស្មើនឹងប្រតិភូ និងកីឡាករការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

អត្តពលិកកម្ពុជា ចូលរួមកីឡា SEA Games នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ( រូបភាព៖ AFP Contributor )

យោងតាមបញ្ជីឈ្មោះចុះហត្ថលេខាសម្រេចដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានហេត្ថលេខារបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថា៖ ៣០ ប្រភេទកីឡានោះមានដូចជា កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។

នៅក្នុងចំណោម ៣០ប្រភេទកីឡានោះ មានតែ ៩ប្រភេទកីឡាតែប៉ុណ្ណោះ ដែលកម្ពុជាសង្ឃឹមខ្ពស់ក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។ ប៉ុន្ដែក្នុងចំណោមកីឡាទាំងអស់ កម្ពុជាក៏បានដាក់ក្ដីរំពឹងលើប្រភេទកីឡាមួយចំនួន នឹងអាចដណ្ដើមបានមេដាយជូនជាតិផងដែរ ពិសេសប្រភេទកីឡាថ្មីៗ តែមានសក្ដានុពល ដូចជាកីឡាសូហ្វតេន្នីសជាដើម។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជា បានឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស ក្រោយដណ្ដើមបានមេដាយមាស ៣, ប្រាក់ ២ និងសំរឹទ្ធ ១២។ ប៉ុន្ដែឆ្នាំនេះ កម្ពុជាសង្ឃឹមនឹងដណ្ដើមបានមេដាយច្រើនជាងមុន បន្ទាប់ពីបន្ថែមនូវកីឡាមានសក្ដានុពលមួយចំនួន៕

 

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់