បាល់បោះកម្ពុជា សង្ឃឹមប្រជែងយកកៅអីលំដាប់ទី៦ ពីវៀតណាម នៅ SEA Games ឆ្នាំនេះ

មាស សុផាណារ៉ុង August 20, 2019


 

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានបង្ហាញជំនឿចិត្តរបស់ខ្លួនថា ឆ្នាំនេះក្រុមកីឡាបាល់បោះកម្ពុជានឹងដណ្ដើមបានកៅអីលំដាប់លេខរៀងទី៦ ដោយរំពឹងថាឈរពីលើប្រទេសវៀតណាម នៅក្នុងតារាងនៃកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) នាប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ក្រោយពីឃើញក្រុមកីឡាករម្នាក់ៗមានការរីកចម្រើនខ្លាំង នៅក្នុងការប្រកួតលីគបាល់បោះកម្ពុជា។

គ្រូបង្វឹកជម្រើសជាតិ លោក កៅ កាន់ណាលី បានឱ្យដឹងថា៖ «ការប្រកួតនេះគឺជាឱកាសដ៏ល្អ សម្រាប់វាស់ស្ទង់សមត្ថភាព និងចម្រាញ់រកធនធានកីឡាករល្អៗ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំនេះ។ ដោយសហព័ន្ធនឹងធ្វើការចម្រាញ់ជ្រើសរើសកីឡាករ ក្នុងចំណោមក្រុមទាំង ៦ ដែលកំពុងធ្វើការប្រកួតនៅក្នុងលីគបាល់បោះ មកបង្កើតជាក្រុមជម្រើសជាតិ ១ ដើម្បីទៅប្រកួតប្រជែងនៅក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម។»

ជាក់ស្ដែងការប្រកួតលីគបាល់បោះឆ្នាំ២០១៩ ដែលកំពុងដំណើរការយ៉ាងរលូន និងមានការប្រកួតប្រជែងគួរឲ្យទាក់ទាញទៀតផង។ ដូច្នេះលោកសង្ឃឹមថា វិស័យកីឡាមួយនេះ នឹងកាន់តែរីកចម្រើននាថ្ងៃអនាគត ។

ចាំបានថាកាលពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ នៅម៉ាឡេស៊ី បាល់បោះកម្ពុជា បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ៩ប្រទេស ឈរនៅលើឡាវ និងមីយ៉ាន់ម៉ា ប៉ុន្តែក្រោម វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ មេដាយសំរឹទ្ធ, ឥណ្ឌូនេស៊ី មេដាយប្រាក់ និងហ្វីលីពីន មេដាយមាស។

គួរបញ្ជាក់ថា បើក្រឡេកទៅមើលតារាងពិន្ទុ នៃលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩ ត្រឹមសប្ដាហ៍ទី៦ ក្រុម Extra Joss កំពុងឈរកំពូលតារាងមាន ១០ពិន្ទុ តាមពីក្រោយដោយក្រុម Krom Soben មាន ៩ពិន្ទុ និងក្រុម Master Steak មាន ៨ពិន្ទុ។

ព្រឹត្តិការណ៍នេះមាន ៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជុំ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវប្រកួតខ្វែង ដើម្បីចម្រាញ់ក្រុមជើងឯក ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាខែកញ្ញាខាងមុខ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់