អាងហែលទឹក ដែលមានតម្លៃ ២លានដុល្លារ នៅបាត់ដំបង បញ្ចុះបឋមសិលាបើកការដ្ឋា​នសាងសង់ជាផ្លូវការ

មាស សុផាណារ៉ុង August 14, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចកសាងអាងហែលទឹក នៅខេត្តបាត់ដំបង ដែលនឹងត្រូវចំណាយថវិកាអស់ចំនួនប្រមាណ ២លានដុល្លារអាមេរិក ជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងបរិវេនសាកលវិទ្យាល័យបាតដំបង ដោយសាងសង់លើទំហំផ្ទៃដី ១១២ម៉ែត្រ គុណ ៦៥ម៉ែត្រ ដោយយកគម្រូតាមមជ្ឈមណ្ឌលហែលទឹកតេជោសែន ខេត្តកំពង់ចាម។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថាអាងសម្រាប់ប្រកួតមានទំហំ ២៥ម៉ែត្រ គុណ៥០ម៉ែត្រ និងជម្រៅ ២ម៉ែត្រ។ អាងលោតទឹកទំហំ ២០ម៉ែត្រ គុណ ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ។ ប៉មលោតទឹកកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣ម៉ែត្រ, ៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ។

អាងទាំងបី និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ម៉ែត្រ គុណ ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ម៉ែត្រ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខាងលើ ក៏នៅមានអាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបី ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ។ កន្លែងអង្គុយទស្សនាចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន ៥០នាក់។ បន្ទប់ម៉ាស៊ីនចម្រោះ, បន្ទប់ផ្លាស់សំលៀកបំពាក់ ចំនួន ៣បន្ទប់, បន្ទប់ទឹកកីឡាករ ២បន្ទប់ កីឡាការីនី ២បន្ទប់។ បន្ទប់ទឹកសាធារណៈ ២កន្លែង បុរស ៦បន្ទប់ នារី ៦បន្ទប់ ជនពិការ ១បន្ទប់, ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត, អាគារពហុ ពីរជាន់ ចែកជាបន្ទប់ពិសេស សម្រាប់គណៈអធិបតី, បន្ទប់ពហុប្រើប្រាស់, បន្ទប់បញ្ជាការប្រកួត, បន្ទប់ឃ្លាំងជាន់ទី១, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់អាជ្ញាកណ្តាល, កន្លែងសំរាករយៈពេលខ្លីក្នុងពេលប្រកួត។ បន្ទប់ស្នាក់នៅសម្រាប់កីឡាករទាំពីភេទ ចំនួន៩, បន្ទប់បរិភោគ និងចង្រ្កាន។

សូមបញ្ជាក់ថា សម្រាប់អាងហែលទឹក ថ្មីស្រឡាងមួយនេះ គឺគ្រោងនឹងចំណាយពេលសាងសង់រយៈពេល ២៤ខែ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់