កម្ពុជា ធ្វើមិនបានល្អនៅថ្ងៃទី១ និងខកខានប្រកួតថ្ងៃទី២ នៃព្រឹត្តការណ៍ Asia Cross Country Rally 2019

មាស សុផាណារ៉ុង August 13, 2019


 

ភ្នំពេញ៖ ការប្រកួតព្រឹត្តការណ៍ប្រណាំងរថយន្ដ «Asia Cross Country Rally 2019» លើចំងាយផ្លូវជាង៤០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុង Pattaya ទៅកាន់ខេត្តស្រះកែវ នឹងបន្តទៅ Nakhon Nayok រថយន្តប្រណាំងរបស់កម្ពុជា ទាំង២ ធ្វើមិនបានល្អឡើយដោយសារបញ្ហាបច្ចេកទេស ក្នុងថ្ងៃទី១។

កីឡាករ សោម សុកុសល បានបញ្ជាក់ថា ការបើកបរ និងការបង្ហាញផ្លូវពីជំនួយការមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនៅសល់តែ ២គីឡូម៉ែត្រទៀតដល់គោលដៅ បែរជាកង់រថយន្តត្រូវបែក។

រីឯជំនួយការបើកបរ កីឡាករ វង្ស គីមហួត ក៏បានបញ្ជាក់ដែរថា៖ «ផ្លូវថ្ងៃដំបូងមានការស្មុគ្រស្មាញច្រើន តែយើងធ្វើបានល្អគ្រាន់តែមានបញ្ហាបន្តិចបន្តួច ៤ទៅ៥គីឡូម៉ែត្រដំបូង ដោយសារតែគ្មានពេលវេលាច្រើនសម្រាប់ហ្វឹកហាត់។»

កីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ ២រូប បើកបររថយន្តលេខ១០៧ បានអោយដឹងថា៖ «ផ្លូវប្រណាំងមិនជាបញ្ហាទេ តែបញ្ហាបច្ចេកទេសបានធ្វើអោយយើងបាត់បង់ពិន្ទុច្រើន ដោយសាររថយន្តដាច់ខ្ចៅបាឡុងរហូតដល់ទៅ ៣ដង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។»

សម្រាប់ថ្ងៃប្រណាំងទី២ ក្រុមរថយន្តប្រណាំង និងម៉ូតូ នឹងត្រូវប្រណាំងលើចំងាយផ្លូវសរុប ៥៩៦,៣៤គីឡូម៉ែត្រ ចេញពី Nakhon Nayok ឆ្ពោះទៅ Kamphaeng Phet ប៉ុន្តែកម្ពុជា មិនអាចចូលរួមប្រកួតបានដោយសាររថយន្ដខូចខាត។ ថ្ងៃប្រណាំងទី៣ គឺធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា នេះដោយចាប់ផ្ដើម Kamphaengphet ឆ្បោះទៅ Maesot។

សូមបញ្ជាក់ថា ការប្រកួតប្រណាំងរថយន្ដ និងម៉ូតូ ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០១៩ នេះ គឺធ្វើឡើងតាំងពីថ្ងៃទី១០ ខែសីហា ចែកចេញជា ៦ដំណាក់កាល ដោយនឹងបញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩៕

 

រូបភាព៖ KARA

អត្ថបទ៖ វ៉ាន្នី

មតិយោបល់