កីឡាការិនី ស៊ន សៀវម៉ី ប្រកាសពីការត្រៀមខ្លួនចូលរួមប្រកួតជម្រុះតេក្វាន់ដូ កីឡាអូឡាំពិក ឆ្នាំ២០២០

មាស សុផាណារ៉ុង August 13, 2019


 

ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ WT ( World Taekwondo ) កម្ពុជា ស៊ន សៀវម៉ី បានប្រកាសឲ្យដឹងថា នាងបានត្រៀមខ្លួនរួចហើយដើម្បីចូលរួមការប្រកួតជម្រុះកីឡាអូឡាំពិករដូវក្ដៅ ( Summer Olympic ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ២០២០ ខាងមុខនេះ។

ជាកីឡាការិនីបង្កើតប្រវត្តិសាស្រ្តដំបូងឲ្យកម្ពុជាដោយដណ្ដើមបានមេដាយមាស ពីការពីការប្រកួតកីឡាអាស៊ី ( Asian Games ) លើកទី១៧ នៅទីក្រុងអ៊ីនឈន់ សាធារណរដ្ឋកូរ៉េខាងត្បូង។ជាមួយគ្នានេះកីឡាការិនីរូបនេះកំពុងតែគ្រប់គ្រងមេដាយមាស កីឡាអាស៊ីអាគ្នេយ៍ ចំនួន ២គ្រឿង នៅក្នុងដៃដោយមិននិយាយទៅដល់ការប្រកួតផ្សេងៗទៀតឡើយ។

កីឡាការិនីវ័យ ២៤ឆ្នាំ រូបនេះនិយាយថា ការប្រកួតជម្រុះកីឡាអូឡាំពិក ទំនងជាធ្វើក្នុងអំឡុង ខែតុលាខាង មុខនេះ។ ស៊ន សៀវម៉ី ក៏មិនបានដឹងថា តើកីឡាករ-កីឡាការិនី រូបណាខ្លះទេ តែចំពោះរូបនាងគឺច្បាស់ណាស់ថានឹងទៅចូលរួមប្រកួតជម្រុះនេះ។

សូមបញ្ជាក់ថាមួយរយៈនេះកីឡាការិនី ស៊ន សៀវម៉ី មានការប្រកួតច្រើននៅក្រៅប្រទេសពិសេសគឺនៅសាធារណរដ្ឋកូរ៉េខាងត្បូង តែម្ដង។ សៀវម៉ី ប្រកួតក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម នាងទើបតែជាពីជម្ងឺគ្រុនឈាម ហើយចាប់ផ្ដើមហ្វឹកហាតឡើងវិញ។ ចំពោះជង្គង់ដែលវះកាត់ កន្លងមកនោះកីឡាការិនីរូបនេះទទួលស្គាល់ថាអ្វីៗមិនដូចដើមទាំងស្រុងនោះទេ តែវាក៏មិនរំខានដល់ការប្រកួតដែរលើកលែងតែក្នុងការប្រកួតខ្លះដែលជង្គង់បុកជាមួយជង្គង់គូប្រកួត វានឹងបណ្ដាលឲ្យឈឺតែមិនដល់ថ្នាក់ទ្រាំមិនបាននោះទេ។ ពេលអាកាសធាតុត្រជាក់ខ្លាំង ក៏មានការឈឺចាប់ខ្លះដែរតែអាកាសធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍មិនជាអ្វីឡើយ។

សូមបញ្ជាក់ថា ឆ្នាំនេះក្រៅពីចូលរួមប្រកួតជម្រុះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នោះ ស៊ន សៀវម៉ី ក៏នឹងចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះផងដែរ៕

 

រូបភាព៖ ocasia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់